(ភ្នំពេញ)៖ លោក ខូវ ឆាយ បានបន្ដក្លាយជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ក្រោយទទួលបានការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ដែលទទួលបានការបោះឆ្នោតគាំទ្រក្នុងមហាសន្និបាតបញ្ចប់អាណត្តិ នាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ។ ប៉ុន្ដែអគ្គលេខាធិការសហព័ន្ធថ្មី ត្រូវបានផ្លាស់ប្ដូរលក្ខខណ្ឌក្នុងការជ្រើសរើស ខណៈលោក ហេង សុខឃន ដែលជាអគ្គលេខាធិការ អាណត្តិទី៧ បានជាប់ជាសមាជិកសហព័ន្ធប៉ុណ្ណោះ សម្រាប់អាណត្តិថ្មី។
សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៨ នៃសហព័ន្ធកីឡាអត្តសញ្ញាណជាតិនេះ គឺមានបេក្ខភាព ១៩រូប ត្រូវបានបោះឆ្នោតគាំទ្រ តាមរយៈមហាសន្និបាតខាងលើ ដោយទទួលបានសម្លេងគាំទ្រ ៣២សំឡេង (ព្រម) និង ១សំឡេង (មិនព្រម)។ បន្ទាប់មកគណៈកម្មាធិការប្រតិបត្តិថ្មី ក៏បានគាំទ្រលោក ខូវ ឆាយ បន្ដធ្វើជាប្រធានសហព័ន្ធ ព្រមទាំងអនុប្រធានសហព័ន្ធ ៧រូប, អគ្គហេរញ្ញឹក ១រូប និងសមាជិក ១០រូប។ លើកលែងតែអគ្គលេខាធិការសហព័ន្ធ ដែលមិនទាន់មានការសម្រេច ដ្បិតរង់ចាំការជ្រើសរើសពីខាងក្រៅ។
ពាក់ព័ន្ធនឹងការជ្រើសរើសអគ្គលេខាធិការសហព័ន្ធ អាណត្តិថ្មី លោក ខូវ ឆាយ បានបញ្ជាក់ថា ក្នុងនាមអង្គការសង្គមមួយ ដែលអនុវត្តការងារតាមលក្ខន្ដិកៈរបស់ខ្លួន សហព័ន្ធបានសម្រេចនឹងធ្វើការជ្រើសរើសអគ្គលេខាធិការពីខាងក្រៅ ដែលមិនមែនជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ដោយផ្អែកលើកត្ដាមួយចំនួន ទី១-មិនចង់ឲ្យមានពាក់ព័ន្ធជាមួយសមាគម/ក្លិប ទី២-ត្រូវការបុគ្គលមានពេលវេលាគ្រប់គ្រាន់ ហើយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់សហព័ន្ធ។
លោកបន្ដថា «ដោយសារអគ្គលេខាធិការ គឺជាអ្នកប្រតិបត្តិប្រចាំថ្ងៃ នូវតួនាទីភារកិច្ចរបស់សហព័ន្ធ ក្នុងការងាររដ្ឋបាលគ្រប់គ្រង ចាត់ចែងនូវតួនាទីភារកិច្ចរបស់មន្ដ្រីប្រចាំថ្ងៃ ក្នុងការដឹកនាំការប្រកួតនានា។ ដូច្នេះហើយយើងត្រូវការអ្នកដែលមានពេលវេលា និងមានសមត្ថភាព ទាំងភាសា ទាំងការប្រើកុំព្យូទ័រជាដើម។ ដូច្នេះយើងនឹងជ្រើសរើសពីខាងក្រៅ អ្នកមានសមត្ថភាពគ្រប់គ្រាន់ ទើបអាចអនុញ្ញាតឲ្យដឹកនាំ នៅក្នុងអគ្គលេខាធិការដ្ឋាននេះ។ យើងបានសម្លឹងឃើញហើយ តែនឹងធ្វើការប្រជុំពិភាក្សាផ្ទៃក្នុងទៀត ព្រោះការជ្រើសរើសនេះ នឹងសម្រេចដោយការបោះឆ្នោតរបស់គណៈកម្មាធិការប្រតិបត្តិទាំងអស់»។
ទន្ទឹមជាមួយការទទួលបានការគាំទ្របន្ដដឹកនាំសហព័ន្ធ អាណត្តិថ្មីនេះដែរ លោក ខូវ ឆាយ បានប្ដេជ្ញាពង្រឹងសាមគ្គីផ្ទៃក្នុងជាធ្លង់មួយ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើពិភពលោក តាមរយៈការដាក់ចេញនូវផែនការរយៈពេលខ្លី និងរយៈពេលវែង ក៏ដូចជាការជំរុញឲ្យមានកម្មវិធីប្រកួត និងបើកឱកាសឲ្យមានការចូលរួមប្រកួតកាន់តែច្រើនទៀត ដើម្បីធានានូវការបណ្ដុះបណ្ដាលធនធានកីឡាករឲ្យបានច្រើន និងគ្រប់គ្រាន់ សម្រាប់ធ្វើការផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ឲ្យពិភពលោកបានស្គាល់ និងយល់ដឹងកាន់តែច្បាស់ពីមរតកក្បាច់គុនបុរាណខ្មែរ៕