(បរទេស)៖ ក្លិបបាល់ទាត់អធិរាជស Real Madrid បានបំបែកកំណត់ត្រាថ្មីមួយទៀត តាមរយៈរកបានចំណូលសរុបកើនដល់ជាង ១ពាន់លានអឺរ៉ូ នារដូវកាលឆ្នាំ២០២៣-២៤ កន្លងទៅ។
បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ ដោយបានដកស្រង់ចេញផ្សាយដោយស្ថាប័នវិភាគ Deloitte បានបង្ហាញថា Real រកបានចំណូលប្រមាណ ១.០៥លានអឺរ៉ូក្នុងលីគរដូវកាលមុន ដែលពួកគេឈ្នះជើងឯកលីគអេស្ប៉ាញ La Liga និង UEFA Champions League។
ប្រភពចំណូលសំខាន់ៗបានមកពីការលក់សំបុត្រចូលទស្សនាការប្រកួតនីមួយៗ ការលក់សិទ្ធិផ្សាយបន្តផ្ទាល់ រួមទាំងការធ្វើពាណិជ្ជកម្មផងដែរ។
ជាមួយគ្នានោះដែរ ក្លិបយក្សអេស្ប៉ាញមួយនេះ នៅតែបន្តឈរទីកំពូលតារាងដដែល ក្នុងចំណោមបណ្តាក្លិបអាជីពដែលតែងតែរកបានចំណូលច្រើនជាងគេជារៀងរាល់ឆ្នាំ គ្រាដែលក្រុមជើងឯកអង់គ្លេស គឺមេឃខៀវ Manchester City បន្តឈរនៅលេខ២ ម្តងទៀតដែលរកបានចំណូល ៧០៨លានអឺរ៉ូ។
ពួកគេបានឈ្នះជើងឯកលីគ Premier League ៤សម័យកាលជាប់ៗគ្នា បន្ថែមលើពាន Club World Cup និង European Super Cup នារដូវកាលមុនថែមទៀតផង ក្នុងចំណោមក្លិបមានដល់ទៅ៩ របស់អង់គ្លេស ដែលស្ថិតក្នុង Top 20 ពីការរកចំណូលបានច្រើនជាងគេប្រចាំរដូវកាល៕