(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដ នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៤-២៥ ហើយ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa ដោយលទ្ធផល ០-០ សម្រាប់ប្រកួតទី៤ ក្នុងពូល A កាលពីរាត្រីថ្ងៃពុធកន្លងទៅ។

ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន Thanh Hoa ស្វាយរៀងបានព្យាយាមជាខ្លាំង ដើម្បីស្វែងរកជ័យជម្នះ ក៏ដូចជារក្សាឱកាសប្រជែងកៅអីវគ្គ ប៉ុន្ដែសោកស្ដាយពួកគេ មិនអាចបំបែករបាំងការពារក្រុមម្ចាស់ផ្ទះបានឡើយ ទោះបីមានឱកាសក្នុងការទាត់បញ្ចប់ទីមួយចំនួន តែធ្វើមិនបានសម្រេច។ រីឯ Dong A Thanh Hoa វិញ ក៏មិនអាចបំបែកពងមាន់ក្រុមជើងឯកលីគកំពូលកម្ពុជាបានដែរ ដោយរក្សាលទ្ធផល ០-០ រហូតចប់ការប្រកួតពេញម៉ោងតែម្តង។

ការចែកគ្នា ១ពិន្ទុជាមួយក្រុមកំពុងឈរកំពូលតារាងលីគកំពូលវៀតណាមនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ៥ ដោយរកបាន ៤ពិន្ទុ តាមពីក្រោយក្រុម Dong A Thanh Hoa ដែលធ្លាក់មកឈរលេខ៤ រកបាន ៦ពិន្ទុ គ្រាដែលក្រុម Terengganu FC របស់ម៉ាឡេស៊ី បានឡើងឈរលេខ២ ក្រោយយកឈ្នះក្រុម PSM Makassar របស់ឥណ្ឌូនេស៊ី ១-០ នាំឲ្យក្រុមទាំងពីរ រកបាន ៧ពិន្ទុស្មើគ្នា។ ចំណែកក្រុម BG Pathum United របស់ថៃ បានឡើងឈរកំពូលតារាង រកបាន ៨ពិន្ទុ ក្រោយវាយបកឈ្នះ Shan United របស់មីយ៉ាន់ម៉ា ៤-១ កាលពីម្សិលមិញ។

ដោយយោងលទ្ធផលបណ្ដោះអាសន្នពេលនេះ ស្របពេលដោយសារក្រុមនីមួយៗ នៅសល់ ១ប្រកួតក្នុងដៃ នាំឲ្យព្រះខ័នរាជស្វាយរៀង អស់ឱកាសក្នុងការប្រជែងកៅអីវគ្គបន្ដ ទោះបីអាចយកឈ្នះការប្រកួតចុងក្រោយក៏ដោយ។ សម្រាប់ជំនួបបញ្ចប់ពូល A របស់ក្រុមសមាជិកលីគកំពូលកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុម Shan United នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។ រីឯបេក្ខភាព ត្រូវឡើងវគ្គបន្ដ ត្រូវចាំអ៊ុតការប្រកួតបញ្ចប់ពូលដូចគ្នា រវាងក្រុម BG Pathum ប៉ះ Terengganu និងក្រុម PSM ជួបក្រុម Dong A Thanh Hoa៕