(បរទេស)៖ ប្រភពពី The Infromation បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា OpenAI និងក្រុមហ៊ុនជប៉ុន SoftBank នឹងវិនិយោគម្នាក់ ១៩ពាន់លានដុល្លារដល់គម្រោង Stargate ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ក្នុងគោលបំណងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិតនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

របាយការណ៍បាននិយាយថា ក្រុមហ៊ុនផលិត ChatGPT នឹងកាន់កាប់ភាពជាម្ចាស់កម្មសិទ្ធិភាគហ៊ុន ៤០% នៅក្នុង Stargate ខណៈដែល SoftBank ក៏ត្រូវបានគេរំពឹងថានឹងកាន់កាប់ភាគហ៊ុន ៤០% ដូចគ្នាផងដែរ។ នេះបើតាមការលើកឡើងរបស់លោក Sam Altman នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន​ OpenAI។ យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតអំពីការបោះទុនរួមគ្នានេះ OpenAI និង SoftBank មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។

គួរជម្រាបថា នៅថ្ងៃអង្គារនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏បានប្រកាសថា OpenAI, SoftBank Group និង Oracle រួមគ្នាបង្ហាញ Stargate ជាមួយនឹងទុនវិនិយោគសរុប ៥០០ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដើម្បីជួយសហរដ្ឋអាមេរិកបន្តនាំមុខប្រទេសចិន និងគូប្រជែងផ្សេងទៀតនៅក្នុងការប្រកួតប្រជែង AI សកលផងដែរ។ តែយ៉ាងណា ​នៅក្នុងរបាយការណ៍នេះមិនបានបង្ហាញនោះទេ​ថា Oracle នឹងបោះទុនប៉ុន្មានចូលគម្រោងនេះ ខណៈ OpenAI និង SoftBank គឺជាអ្នកដឹកមុខ៕