(បរទេស)៖ នៅឆ្នាំ ២០២៤ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដែលត្រូវបានគេស្គាល់ថាជា Big Tech បានជះលុយវិនិយោគជាង ២០០ពាន់លានដុល្លារ នៅក្នុងគម្រោងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ក្នុងនោះ Google ត្រូវបានគេរកឃើញថា បានចំណាយប្រាក់ច្រើនជាងគេបំផុត ខណៈ Apple វិញតិចជាងគេបំផុត។
យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Google បានចំណាយប្រាក់វិនិយោគរហូតដល់ជាង ១២០ពាន់លានដុល្លារអាមេរិក ផ្ដោតលើមុខងារ DeepMind និងសេវាកម្ម Google Cloud។ ចំណែក Amazon បានចាយលុយជិត ៦០ពាន់លានដុល្លារ ជាចម្បងទៅលើសេវាកម្ម Cloud របស់ខ្លួនដែលមានឈ្មោះថា AWS និងការបង្កើតឧបករណ៍ AI ថ្មីៗ។
ក្រឡែកមកមើល Microsoft ដែលជាអ្នកជះលុយលើ AI ធំលំដាប់ទីពីរវិញម្ដង។ ក្រុមហ៊ុនមួយនេះត្រូវបានគេដឹង និងស្គាល់ថាជាបងធំរបស់ OpenAI បានចំណាយប្រាក់ច្រើនជាង ៩០ពាន់លានដុល្លារ លើគម្រោង AI ក្នុងនោះមាន ក្រុមហ៊ុន OpenAI និងសេវាកម្ម Microsoft 365 Copilot។ ចំពោះ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង Whatsapp ត្រូវបានគេប៉ាន់ស្មានថា បានចំណាយប្រាក់ចម្លោះពី ៣០ ទៅ ៤០ពាន់លានដុល្លារអាមេរិក លើការបង្កើតគំរូភាសារ AI ធំៗ និងថ្មីៗ ហើយក្នុងនោះក៏បានចំណាយទៅលើបច្ចេកវិទ្យា AI ក្នុងការត្រួតពិនិត្យ និងតាមដានមាតិកានៅលើបណ្ដាញសង្គមរបស់ខ្លួនផងដែរ។
សម្រាប់អ្នកចុងក្រោយវិញ Apple មិនសូវបានបានចំណាយប្រាក់ក្នុងការវិនិយោគនៅ AI ច្រើនឡើង ដោយតាមរបាយការណ៍បានបង្ហាញថា មានត្រឹមតែ ៤ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ព្រមទាំងគ្រោងចាយ ២០ពាន់លានដុល្លារអាមេរិក សម្រាប់រយៈ ៥ឆ្នាំបន្ទាប់។
នៅមានក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើនទៀតដែលមិនស្ថិតនៅក្នុងចង្កោម Big Tech ក៏បានចំណាយប្រាក់វិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើ AI ផងដែរ ដូចជា NVIDIA ជាដើម ដែលមានរហូតដល់ជិត ១២ពាន់លានដុល្លារអាមេរិក៕