(ភ្នំពេញ)៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីបន្ថែម សាខាចាក់អង្រែ ដែលមានអាសយដ្ឋាន អគារលេខ៨២៤ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយការបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីបន្ថែមនេះ គឺជាសមិទ្ធផលថ្មីផ្សេងទៀត របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដោយមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ។
ចំពោះអគារសិក្សាថ្មីបន្ថែមនេះ គឺមានភាពធំទូលំទូលាយ និងមានបរិយាកាសស្និទ្ធស្នាល។ ដោយឡែក មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក៏មានការបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ និងសម្បូរបែប ដើម្បីបំពេញដល់ការសិក្សាស្រាវជ្រាវ និងធ្វើការពិសោធផ្សេងៗ ជូនដល់សិស្សានុសិស្សគ្រប់កម្រិត។
ទោះជាយ៉ាងណា ដើម្បីបំពេញដល់តម្រូវការនៃការសិក្សា និងដោយយោងទៅលើកំណើនសិស្សានុសិស្ស ដែលចេះតែមានការកើនឡើងជាបន្តបន្ទាប់ ទើបមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីបន្ថែមទៀត សម្រាប់សាខាចាក់អង្រែ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។
ជាការពិតណាស់ សមិទ្ធផលអគារសិក្សាថ្មីសម្រាប់សាខាចាក់អង្រែនេះ គឺជាការបង្ហាញអំពីសក្តានុពលដ៏ខ្លាំងក្លា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលតែងតែបោះជំហានទៅមុខជានិច្ច ក្នុងគោលបំណងពង្រីកខ្លួនដោយឥតឈប់ឈរ ក្នុងវិស័យសិក្សាអប់រំ ដោយស្របទៅតាមបរិបទថ្មីនៃយុគសម័យឌីជីថល និងបច្ចេកវិទ្យាដ៏ទំនើប។
ការប្រារព្ធកម្មវិធីសម្ពោធអគារសិក្សាថ្មីក្នុងថ្ងៃនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីលោក ឡាយ សុភា ប្រធាន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកជាច្រើនរូបទៀត។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនដ៏ទំនើប និងឈានមុខគេមួយ ដែលទទួលសិស្សានុសិស្ស ចាប់ពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗជាច្រើន ដោយរួមមាន មុខវិជ្ជាបំណិនជីវិត មុខវិជ្ជាជំនាញជម្រើសដ៏សម្បូរបែប ដូចជា គំនូរ របាំ តន្រី្ត កំណាព្យ គេហវិទ្យា ហត្ថកម្ម អប់រំកាយ និងកីឡា។
ចំណែកប្រភេទកីឡា មានដូចជា ល្បុក្កតោ ការ៉ាតេ តេក្វាន់ដូ បាល់បោះ បាល់ទះ វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដ៏មានប្រជាប្រិយភាពនេះ ក៏មានការបញ្ចូលនូវការអប់រំសុខភាព ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមុខវិជ្ជាកុំព្យូទ័រ ដែលមានការភ្ជាប់ទៅដោយប្រព័ន្ធអ៊ីនធឺណិតរួចជាស្រេច និងបណ្ណាល័យសិក្សាស្រាវជ្រាវដ៏ធំទូលាយ ព្រមទាំងមានឯកសារគ្រប់កម្រិត និងគ្រប់ជំនាញ សម្រាប់ការសិក្សាស្រាវជ្រាវ។
រីឯនៅក្នុងអគារសិក្សា មានបន្ទប់ស្រាវជ្រាវ បន្ទប់សិក្សា ព្រមទាំងមានបន្ទប់ពិសោធ ដែលបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព។ ចំពោះលោកគ្រូ អ្នកគ្រូ ក៏មានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធខ្ពស់ ក្នុងការបង្រៀន ដោយមានការផ្សារភ្ជាប់ទៅនឹងបទពិសោធជាក់ស្តែង ទាំងនៅក្នុងថ្នាក់ផ្ទាល់ និងនៅក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្ស មានការងាយយល់ ស្រួលចងចាំ និងមានភាពច្នៃប្រឌិតខ្ពស់។
ជាងនេះទៅទៀត មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការផ្តល់ជូននូវសេវាកម្មប្រឹក្សាពិនិត្យសុខភាព ការព្យាបាលជំងឺ និងសេវាកម្មប្រឹក្សាយោបល់ទៅលើការសិក្សាអប់រំផ្សេងៗផង ដែរ។ សាលា ក៏មានសេវាកម្មដឹកជញ្ជូន ប្រកបដោយសុវត្ថិភាពខ្ពស់ និងមានផាសុកភាព។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់ជូននូវថ្នាក់ភាសាបរទេសជាច្រើនភាសា ដូចជាភាសាអង់គ្លេស ភាសាចិន និងភាសាថៃ ចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅ តាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏មានកម្មវិធីសិក្សាដ៏សម្បូរបែប ទាំងក្នុង និងក្រៅថ្នាក់រៀន ដែលអាចឱ្យសិស្សានុសិស្ស ជ្រើសរើសប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគាត់។
ចំពោះការបើកសម្ពោធអគារសិក្សាថ្មីបន្ថែម សម្រាប់សាខាចាក់អង្រែនេះ គឺដោយយោងទៅតាមតម្រូវការនៃ សិស្សានុសិស្សនៅក្នុងតំបន់នេះ ដែលមានសក្តានុពលខ្លាំង ទើបមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីបន្ថែម ដើម្បីបំពេញដល់សេចក្តីត្រូវការរបស់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្សទាំងឡាយ ដែលកំពុងរស់នៅជុំវិញក្នុងតំបន់ចាក់អង្រែនេះ៕