(សៀមរាប)៖ លោក ដម ដេង មានអាយុ៦៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ជើងនៃសង្កាត់នគរធំក្រុងសៀមរាប។ លោកបានចូលបម្រើការងារឱ្យអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០១។ បច្ចុប្បន្ន លោកបម្រើការក្នុងក្រុមព្រៃមន្ទីរនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ផ្នែកសម្អាតរុក្ខជាតិនៅតាមប្រាសាទ។

ក្នុងភារកិច្ចជាអ្នកឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទនៅក្នុងរមណីយដ្ឋាន លោក ដម ដេង មានភាពស្ទាត់ជំនាញខាងបោះខ្សែរំលងប្រាសាទមានកម្ពស់ជាង២០ម៉ែត្រ សម្រាប់ឱ្យក្រុមការងារសម្អាតអាចឡើងដោយតោងតាមខ្សែនេះ ទៅសម្អាតរុក្ខជាតិ និងស្មៅដែលដុះនៅតាមរួតនីមួយៗនៃកំពូលប្រាសាទឥដ្ឋនានារបស់រមណីយដ្ឋានអង្គរ។

លោក ដម ដេង បានឱ្យដឹងថា ខ្សែប្រើក្នុងការងារឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទឥដ្ឋមាន៥ប្រភេទគឺ ទី១ខ្សែសរសៃមីសួរ ដែលមានចងភ្ជាប់ដោយដុំសំណរប្រើសម្រាប់បោះរំលងប្រាសាទ។ ទី២ខ្សែនីឡុងចងគោតូច ទី៣ខ្សែនីឡុងចងគោធំ ទី៤ខ្សែពួរកន្ទុយកណ្តុរតូច និងទី៥ខ្សែពួរកន្ទុយកណ្តុរធំ។ ជាដំបូង លោកបោះខ្សែទី១រំលងប្រាសាទពីម្ខាងទៅម្ខាង បន្ទាប់មកភ្ជាប់ខ្សែទី១និង២រហូតដល់ខ្សែទី៥ ដែលមានទំហំធំអាចឱ្យក្រុមការងារតោងឡើងតាមខ្សែពួរនោះបានដោយរលូន និងសុវត្ថិភាព។ លោកបញ្ជាក់ថា ការបោះខ្សែពួរទៀតសោត ក៏ត្រូnវពិនិត្យមើលពីស្ថានភាពឥដ្ឋប្រាសាទដែលមានភាពរឹងមាំ មិនមានស្ថានភាពពុកផុយ ចៀសវាងទាក់ឬដាច់ខ្សែ ហើយបោះទៅតាមទិសខ្យល់ដើម្បីបោះទៅឱ្យត្រូវគន្លងដែលចង់បាន។ បើបរិយាកាសស្ងប់ខ្យល់ គឺបោះតែមួយដងអាចចំគោលដៅតែម្តង។

លោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាតរុក្ខជាតិនៅតាមប្រាសាទ ពន្យល់ថា ការងារសម្អាតរុក្ខជាតិតាមប្រាសាទ ពិតជាត្រូវការអ្នកជំនាញខាងបោះខ្សែជាចាំបាច់ ព្រោះថាតួប្រាសាទឥដ្ឋមួយចំនួនក្នុងរមណីយដ្ឋានអង្គរមានកម្ពស់ខ្ពស់ៗ ខ្លះមានប្រវែងជាង២០ម៉ែត្រ ដែលមិនអាចឱ្យប្រើរន្ទារបានទេ។ អ្នកគ្រប់គ្រងដដែលបញ្ជាក់ទៀតថា ប្រាសាទដែលត្រូវបោះខ្សែក្នុងពេលឡើងសម្អាត មានដូចជាប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ប្រាសាទបក្សីចាំក្រុង និងប្រាសាទក្នុងតំបន់រលួស។ ប្រាសាទឥដ្ឋដែលពិបាកបោះខ្សែដើម្បីឡើងទៅសម្អាត មានប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ដោយសារតែកំពូលធ្វើពីឥដ្ឋមានភាពរលុះ បាក់បែក ពេលបោះទៅខ្សែអាចកៀបនៅតាមកន្លៀតឥដ្ឋ ដែលនឹងអាចដាច់ខ្សែផង៕