(ភ្នំពេញ)៖ សាកគិតទៅមើលថា តើនឹងអស្ចារ្យនិងល្អយ៉ាងណាសម្រាប់សុខភាពនិងអ្នកចូលចិត្តកីឡា នៅពេលដែលមានមជ្ឈមណ្ឌលកីឡាធំជាងគេបំផុតនៅកម្ពុជា បំពាក់ទៅដោយបរិក្ខារទំនើប ការចនាស្អាត បរិយាកាសល្អ មានកន្លែងចតធំទូលាយ និងកន្លែងលេងកីឡាជាច្រើន? ក្នុងគោលបំណងគិតគូដល់សុខភាពប្រជាពលរដ្ឋជាចម្បង ក្រុមហ៊ុន ជីប ម៉ុង គ្រុប កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានបើកការដ្ឋានបុកគ្រឹះសាងសង់ជាផ្លូវការ «មជ្ឈមណ្ឌលកីឡា២៧១» នៅក្នុងគម្រោងជីប ម៉ុង លែន លែនម៉ាក២៧១ រាជធានីភ្នំពេញ ក្រោមវត្តមានលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង គ្រុប។

«មជ្ឈមណ្ឌលកីឡា២៧១» នឹងមានទីលានសម្រាប់លេងកីឡាជាច្រើនប្រភេទ ក្នុងនោះរួមមាន កីឡាឡើងជញ្ជាំង (Wall Climbing), កន្លែងវាយសី, កន្លែងលេងបាល់បោះ, កន្លែងលេងបាល់ទះ, កន្លែងលេងបាល់ទាត់, កន្លែងលេងប៉េងប៉ុង, និងទីលានរត់ប្រណាំងជាដើម។ វត្តមាននៃមជ្ឈមណ្ឌលកីឡា២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះ ឱ្យកាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀត ទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន ពិសេសគម្រោង លែនម៉ាក ២៧១ នេះផ្ទាល់តែម្តង។ សំខាន់ទីនេះមានគ្រប់សព្វបែបយ៉ាង តាំងពីផ្សារទំនើប club House, ផ្ទះ home office ដែលពិតជាផ្តល់ភាពស៊ីវីល័យ សម្រាប់ការរស់នៅ។

ក្នុងពិធីបើកកម្មវិធីបញ្ចុះបឋមសិលា លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានថ្លែងប្រាប់ពីហេតុផល នៅពីក្រោយការសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលកីឡានេះឡើង ក៏ដូចជាបង្ហាញពីឆន្ទៈនឹងបង្កើតឲ្យមានមជ្ឈមណ្ឌលលំដាប់ធំៗដូចគ្នានេះ នៅតាមគម្រោង ជីប ម៉ុង លែន ដទៃផ្សេងទៀត។ លោកឧកញ៉ាបានថ្លែងថា «ក្រុមហ៊ុនជីបម៉ុងគ្រុប តែងតែមានចក្ខុវិស័យវែងឆ្ងាយគិតគូដល់សង្គមជាតិ សហគមន៍និងប្រជាជន។ ជាពិសេសគិតគូពីសុខភាពដល់ប្រជាពលរដ្ឋ ដែលបានទិញផ្ទះនៅក្នុងបុរី ជីប ម៉ុងលែន។ កន្លងមកនៅក្នុងបុរី ជីប ម៉ុងលែនទាំងអស់ មានក្លឹបហាត់ប្រាណ ឥឡូវលើសពីក្លឹបហាត់ប្រាណទៅទៀត ជីបម៉ុងបានធ្វើមជ្ឈមណ្ឌលលកីឡា២៧១ធំជាងគេនៅស្រុកខ្មែរ ហើយបំពាក់ដោយគ្រឿងបរិក្ខារទំនើប ដែលនឹងចូលរួមជួយលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ ព្រមទាំងគិតគូរដល់បិរស្ថានស្អាត ការរចនា មានកន្លែងចតរថយន្ត ម៉ូតូធំទូលាយងាយស្រួលចត និងផាសុកភាព»

លោកឧកញ៉ា បានបន្ថែមថា «មជ្ឈមណ្ឌលកីឡា២៧១ នឹងមានតាំងពីកន្លែងបាល់ទាត់ ដែលមានរហូតដល់មាន៤តារាង កន្លែងវាយសីមានច្រើនកន្លែង ក្រៅពីនេះមានកន្លែងលេងបាល់ទះ បាល់បោះ កន្លែងឡើងភ្នំព្រមទាំងកន្លែងលេងកីឡាផ្សេងៗទៀត។

អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានបញ្ជាក់ទៀតថា «វត្តមាន​មជ្ឈមណ្ឌល​កីឡា២៧១ ​នឹង​ជួយ​លើក​ស្ទួយ​ដល់​សុខុមាលភាព​ប្រជាជន​ក្នុង​តំបន់​នេះ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ ព្រម​ទាំង​ផ្ដល់​ភាព​ងាយ​ស្រួល​មួយ​កម្រិត​ទៀត ដល់​អ្នក​រស់នៅ ជីប ម៉ុង លែន ព្រោះ​មាន​គ្រប់​សព្វ​បែប​យ៉ាង​មិន​ថា​ទីតាំង​ហាត់ប្រាណ និង​កន្លែង​ហាត់​កីឡា»

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនពហុពាណិជ្ជកម្មដ៏ធំបំផុតមួយនៅកម្ពុជា ដែលបានចាក់គ្រឹះរឹងមាំ និងឈរជើងលើទីផ្សារជាង ៤ទសវត្សរ៍ មកហើយ។ ជីប ម៉ុង បានវិនិយោគគ្របដណ្តប់លើវិស័យធំៗជាច្រើន នៅក្នុងស្រុករួមមាន វិស័យអចលនទ្រព្យ, ធនាគារ, បដិសណ្ឋារកិច្ច, ផ្សារទំនើប, ឧស្សាហកម្មស្រាបៀរ និងភេសជ្ជៈ ព្រមទាំងវិស័យផ្សេងៗទៀត ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មល្អបំផុតដល់អតិថិជន និងដៃគូពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជាទទួលស្គាល់ និងជឿជាក់ទៅលើគុណភាព។

នាពេលកន្លងមក ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញ លើវិស័យជាច្រើនរួមមានវិស័យបរិស្ថាន សុខាភិបាល អប់រំ ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម៕