(មេនឆេស្ទើ)៖ Manchester United អតីតជើងឯក UEFA Europa League ឆ្នាំ២០១៧ បន្តកាន់កាប់កំណត់ត្រាលេង ៧ប្រកួតនៅពានលំដាប់ទី២ អឺរ៉ុបនេះមិនចាញ់ដដែល នៅពេលយកឈ្នះគូប្រជែងមកពីស្កុតឡេន Rangers ២-១ យប់មិញនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃនេះថា ប្រធានក្រុមសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ជាអ្នករកបាន គ្រាប់ជ័យជម្នះចុងម៉ោង ពោលគឺនៅនាទី៩០+២ ក្នុងកីឡដ្ឋាន Old Trafford ក្នុងប្រកួតទី៧ ពីក្នុងវគ្គ League Stage។

នេះមានន័យថា United តែងតែទទួលបានជ័យជម្នះជានិច្ចរាល់ពេលប្រកួតទល់នឹងក្រុមមកពីស្កុតឡេន នៅកីឡដ្ឋាន Old Trafford របស់ខ្លួន និងជា ៣ពិន្ទុលើកទី៤ ជាប់ៗគ្នារបស់ពួកគេផងដែរ ដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់លេខ៤ ជាបណ្តោះអាសន្ន ក្នុងចំណោម ៣៦ក្រុម។

ក្រុមរបស់លោក Ruben Amorim ត្រូវតែយកឈ្នះម្ចាស់ផ្ទះ FCSB របស់ប្រទេសរ៉ូម៉ានី នៅថ្ងៃប្រកួតចុងក្រោយ ដើម្បីទទួលកៅអីស្វ័យប្រវត្តិឡើងទៅវគ្គ ១៦ក្រុម UEL ជាបន្តទៀត គ្រាដែល Rangers ដែលធ្លាក់ទៅឈរលេខរៀងទី១៣ នោះ ត្រូវលេងជម្រុះជាបន្តទៀត៕