(បរទេស)៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថាក្រុមហ៊ុន Mitsubishi Motors កំពុងសញ្ជឹងគិតអំពីការដកខ្លួនចេញពីកិច្ចពិភាក្សាការច្របាច់បញ្ចូលគ្នា ដែលបានគ្រោងទុករវាង Nissan និង Honda។ ការសម្រេចចិត្តនេះ កើតឡើងចំពេលមានការព្រួយបារម្ភអំពីឥទ្ធិពលរបស់ខ្លួនក្នុងក្រុមហ៊ុនកាន់កាប់រួមដែលបានស្នើឡើង ដោយសារទំហំតូចជាងរបស់ Mitsubishi បើធៀបនឹងដៃគូរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
ប្រភពមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្រុមហ៊ុន Mitsubishi មានបំណងរក្សាភាពឯករាជ្យ ខណៈពេលដែលខ្លួននៅតែបន្តទំនាក់ទំនងសហប្រតិបត្តិការជាមួយទាំង Nissan និង Honda។ ដំណឹងនេះ បានធ្វើឱ្យប៉ះពាល់ដល់ភាគហ៊ុនរបស់ Mitsubishi ដោយបានធ្លាក់ចុះជាង ៦% នៅក្នុងការជួញដូរដំបូងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Nissan និង Honda ក៏បានធ្លាក់ចុះបន្តិចផងដែរ ចំនួន ០.៧% និង ០.១% រៀងគ្នា។
គួរជម្រាបថា ក្រុមហ៊ុន Mitsubishi ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តចុងក្រោយលើការចូលរួមរបស់ខ្លួននៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលការពិភាក្សារវាង Nissan និង Honda គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងការបង្កើតក្រុមហ៊ុនកាន់កាប់រួម គ្រោងនឹងបញ្ចប់សម្រាប់ខែសីហា ឆ្នាំ២០២៦៕