(អូស្ត្រាលី)៖ ការប្រកួតកីឡាវាយកូនបាល់ (Tennis) កម្រិត Grand Slam នៃកម្មវិធី Australian Open 2025 ពេលនេះការប្រកួតផ្នែកនារីវាយទោល បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយកីឡាការិនី Aryna Sabalenka ត្រូវវាយការពារតំណែងជើងឯក ទល់នឹងកីឡាការិនីអាមេរិក Madison Keys ជាមួយការប្រកួតនឹងធ្វើឡើងនាថ្ងៃទី២៥ ខែមករានេះ ។
ជាមួយគ្នានេះ សម្រាប់ការប្រកួតផ្នែកបុរស បានឈានមកដល់វគ្គ ៤នាក់ចុងក្រោយផងដែរ ដោយឃើញថាមានសុទ្ធតែជើងខ្លាំងឈរលេខ១ និងលេខ២ ពិភពលោកឈានមកដល់វគ្គនេះ ដោយកីឡាករលេខ១ Jannik Sinner ប៉ះកីឡាករលេខ២១ Ben Salton ហើយកីឡាករចាស់វស្សា Novak Djokovic ជួបលេខម្ចាស់២ ពិភពលោក Alexander Zverev នឹងធ្វើឡើងនាថ្ងៃទី២៤ ខែមករានេះ ។
សម្រាប់កីឡាការិនីសញ្ជាតិបេឡារុស្ស Aryna Sabalenka កំពុងកាន់កាប់តំណែងលេខ១ ពិភពលោកតាំងពីឆ្នាំ២០២៣ ជាមួយកំណត់ត្រាឈ្នះ Australian Open 2023,2024 និងពាន US Open 2024 ក្នុងនាមជាកីឡាការិនីវាយកូនបាល់ម្នាក់ កំពុងឈរលេខរៀងទី១០ ដែលកំពុងមានទ្រព្យសម្បត្តិប្រមាណជាង ៣០លានដុល្លារ គិតត្រឹមដើមឆ្នាំ២០២៥ នេះ ៕