(ភ្នំពេញ)៖ លោក ខេស៊ី បាតណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះកំណើតសមាគម-ក្លិប និងយុវជន ក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលជាសញ្ញាណដ៏ល្អ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍នូវប្រភេទកីឡាអត្តសញ្ញាណជាតិ ដែលមានតាំងពីសម័យអង្គរនេះ។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែមករា ឆ្នាំ២០២៥ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ ដោយមានអត្តពលិកជិត ១០០នាក់ មកពី ១៣សមាគម-ក្លិប និងក្រសួងចូលរួមការប្រកួត។
ថ្លែងក្នុងពិធីបិទការប្រកួតនេះ លោកបានអរគុណ ចំពោះសមាគម-ក្លិបទាំងអស់ ដែលខិតខំបណ្ដុះបណ្ដាលនូវកីឡាអត្ដសញ្ញាណជាតិ ដល់យុវជន និងការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីបានចូលរួមការប្រកួតនូវប្រភេទកីឡាដ៏មានសក្ដានុពលរបស់កម្ពុជា ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យកីឡាចំបាប់កម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។
បន្ថែមលោកបានសម្ដែងក្ដីរីករាយ ដែលមានក្លិប និងមានយុវជនច្រើនបានចូលរួមការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលជាសញ្ញាណមួយដ៏ល្អ សម្រាប់ភាពរីកចម្រើននៃវិស័យកីឡាចំបាប់កម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏បានប្រកាសរៀបចំការប្រកួតជើងឯកយុវជន ឆ្នាំ២០២៥ នាខែមេសា ឬខែឧសភាខាងមុខ ដើម្បីពង្រឹងសមត្ថភាពធនធានបន្ដវេនឲ្យរឹងមាំ និងឈានទៅរកការប្រកួតអន្ដរជាតិនានាផងដែរ។
គួរដឹងថា ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៥ថ្ងៃ ជាលទ្ធផលបច្ចេកទេសក្នុងការប្រកួតកីឡាចំបាប់ថ្នាក់ជាតិឆ្នាំនេះ គឺក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៦គ្រឿង (មាស ៨ ប្រាក់ ៧ និងសំរឹទ្ធ ១១)។ ក្លិបគិរីបារមីដំរីមារិទ្ធ និងក្លិបបារមីមេទ័ពម៉ឺនឯក ឈរលេខ២ និងលេខ៣ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ សរុប ៣គ្រឿងស្មើគ្នា និងក្លិបចំណូលថ្មី គិរី ឈ្នះមេដាយមាស ១ និងប្រាក់ ១ ឈរលេខ៤ និងក្លិបយាយព្រីងមានរិទ្ធ ឈរលេខ៥ ឈ្នះមេដាយមាស ១គ្រឿងផងដែរ៕