(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសជាផ្លូវការនូវការទិញយកផ្នែកខ្លះនៃក្រុមវិស្វកររបស់ក្រុមហ៊ុនតៃវ៉ាន់ HTC ដែលធ្វើការក្នុងក្រុម Vive និង XR ក្នុងតម្លៃជាសាច់ប្រាក់សុទ្ធ ២៥០លានដុល្លារ។ HTC បាននិយាយថា នេះនឹងជំរុញឱ្យមានការរីកលូតលាស់នៃប្រព័ន្ធអេកូ XR ហើយបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទាំងពី Google និង HTC នឹង «ស្វែងរកឱកាសបន្ថែមទៀតសហការនាពេលអនាគតរួមគ្នា»។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
យោងតាមការចេញផ្សាយព័ត៌មានផ្លូវការរបស់ HTC បាននិយាយថា សម្រាប់ Google នេះ «ជួយពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រព័ន្ធប្រតិបត្តិការ Android XR និងការបង្កើនល្បឿននៅទូទាំងប្រព័ន្ធអេកូ កាស និងវែនតាបញ្ញាសិប្បនិម្មិត្ត»។ កិច្ចព្រមព្រៀងនេះ នឹងឃើញមានសមាជិកមួយចំនួននៃក្រុម XR របស់ HTC ផ្លាស់ប្តូរទៅកាន់ Google ដោយនាំមកជាមួយពួកគេនូវបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងបច្ចេកវិទ្យា virtual reality (VR)។ ទន្ទឹមនឹងក្រុមនេះ Google ក៏នឹងទទួលបានអាជ្ញាប័ណ្ណមិនផ្តាច់មុខសម្រាប់កម្មសិទ្ធិបញ្ញា XR របស់ក្រុមហ៊ុន HTC ដែលអាចជួយសម្រួលដល់ការរីកចម្រើនបន្ថែមទៀតនៅក្នុងការផ្តល់ជូនវែនតា XR របស់ខ្លួនផងដែរ។
បើទោះបីជា HTC លក់ផ្នែកខ្លះនៃក្រុមវិស្វកររបស់ខ្លួនពិតមែន ក្រុមហ៊ុនតៃវ៉ាន់នេះបានបញ្ជាក់ថា ខ្លួននឹងបន្តផ្តោតលើដំណោះស្រាយ Vive, XR របស់ខ្លួន ដោយបង្ហាញថាក្រុមហ៊ុននៅតែប្តេជ្ញាចិត្តចំពោះខ្សែផលិតផល និងការច្នៃប្រឌិតដែលមានស្រាប់។ ទាក់ទិននឹងរបាយការណ៍ចុងក្រោយនេះ បើក្រឡេកទៅឆ្នាំ ២០១៧ Google ក៏ធ្លាប់បានធ្វើដូច្នេះដែរ ដោយបានទិញយកផ្នែកខ្លះនៃអាជីវកម្មស្មាតហ្វូនរបស់ HTC ក្នុងតម្លៃ ១.១ពាន់លានដុល្លារ និងបាននាំយកបុគ្គលិកប្រហែល ២,០០០នាក់ទៅធ្វើការផ្នែក hardware របស់ខ្លួន។ យ៉ាងណា កិច្ចព្រមព្រៀងថ្មីនេះ ស្ថិតក្រោម «លក្ខខណ្ឌបិទតាមទម្លាប់» ហើយត្រូវបានគេរំពឹងថានឹងបិទនៅចុងខែមីនា។
គួរជម្រាបថា Google បានប្រកាសចេញ Android XR នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលជាប្រព័ន្ធប្រតិបត្តិការពិសេសសម្រាប់កាស VR និង XR ហើយ Samsung ទើបតែបង្ហាញផលិតផលដំបូងរបស់ខ្លួនដែលមានឈ្មោះកូដថា Project Moohan ។ ខណៈក្រុមហ៊ុនទាំងពីនេះ ក៏ត្រូវបានគេបង្ហើបថាកំពុងសហការគ្នាផលិតលើកាស VR និង XR នេះផងដែរ៕