(ន័រវេស)៖ កីឡាករជិះស្គីទឹកកកសញ្ជាតិន័រវេស Tarjei Boe បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពនៅចុងបញ្ចប់នៃរដូវកាលនេះ ដែលនឹងធ្វើឱ្យរូបលោកបញ្ចប់ឱកាសការប្រកួតការពារជើងឯកកម្រិតអូឡាំពិករបស់លោក នៅក្នុងព្រឹត្តិការណ៍ Winter Olympic នៅឆ្នាំ២០២៦ ។
ស្ថិតក្នុងអាជីពកីឡាករជិះស្គីទឹកកកនេះ Tarjei Boe មានវ័យ ៣៦ឆ្នាំ ធ្លាប់ឈ្នះមេដាយមាស ២លើកក្នុងវិញ្ញាសា Relay នៅទឹកដីប្រទេសកាណាដា ឆ្នាំ២០១០ និងនៅប៉េកាំង ក្នុងវិញ្ញាសានេះដូចគ្នា រួមជាមួយឈ្នះមេដាយមាសលើវិញ្ញាសា Mixed relay ឆ្នាំ២០២២ ។
ដោយឡែកការប្រកួតកម្រិត World Championships រូបលោកបានឈ្នះមេដាយមាសចំនួន ១១គ្រឿង ប្រាក់៧ នឹងសំរឹទ្ធ ៩ ហើយនៅក្នុងវ័យ ១៨ឆ្នាំ ក៏ធ្លាប់ឈ្នះមេដាយមាស ពីកម្មវិធី Biathlon Junior World Championships 2006 នៅទឹកដីសហរដ្ឋអាមេរិក នឹងការឈ្នះបានពាន ៦លើកពីកម្មវិធី World Cup Standings ។
ហើយលោក មានគម្រោងនឹងបញ្ចប់អាជីពនេះ នៅការប្រណាំងលើកចុងក្រោយលើទឹកដីកំណើតក្នុងទីក្រុង Oslo ក្នុងខែមីនាខាងមុខ៕