(ភ្នំពេញ)៖ ក្រុមហ៊ុន AirAsia Cambodia បានបន្តពង្រីកជើងហោះហើររបស់ខ្លួន ជាមួយនឹងជើងហោះហើរលើកដំបូងរវាងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា និងទីក្រុងហាណូយ ប្រទេសវៀតណាម។ ជើងហោះហើរថ្មីនេះ គឺជាព្រឹត្តិការណ៍មួយថ្មីផ្សេងទៀត ស្របពេលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅប្រទេសវៀតណាមនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។

ដើម្បីអបអរសាទរការសម្ពោធជើងហោះហើរអន្តរជាតិថ្មីនេះ យើងសូមប្រកាសផ្តល់ជូនតម្លៃពិសេសចាប់ពី ៩៩ដុល្លារតែប៉ុណ្ណោះ សម្រាប់ជើងហោះហើរជារៀងរាល់ថ្ងៃចន្ទ-ពុធ និង សុក្រ។ ជើងហោះហើរថ្មីនេះ អាចទទួលអ្នកដំណើរបានប្រមាណជាង ១,០០០នាក់ ក្នុងមួយសប្តាហ៍ ដែលនឹងតភ្ជាប់រវាងទីក្រុងទាំង២នេះ និងប្រើប្រាស់ជាមធ្យោបាយក្នុងការស្វែងរកបទពិសោធនថ្មីៗ នៃវិស័យ​ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មផងដែរ។

ទន្ទឹមនឹងការសម្ពោធជើងហោះហើរថ្មីនេះ អ្នកដំណើរទាំងអស់ត្រូវបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅកម្ពុជា) ដែលជើងហោះហើរដំបូងនេះត្រូវបានទទួលការស្វាគមន៍ និងជូនដំណើរយ៉ាងពិសេសពីសំណាក់លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃ AirAsia Cambodia ​ដោយមានការចែកជូន «ក្រមា» ដែលត្រូវបានស្គាល់ថាជាមរតកវប្បធម៌ជាតិអរូបីរបស់ប្រទេសកម្ពុជា សម្រាប់ជាវត្ថុអនុស្សាវរីយ៍ក្នុងឱកាសដ៏វិសេសវិសាលមួយនេះ។

ការផ្តល់ជូនដ៏ពិសេសមួយនេះមិនទាន់បញ្ចប់នោះទេ! ដើម្បីអបអរសាទរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសវៀតណាម រាល់អ្នកដំណើរទាំងអស់ក៏ទទួលបាន អាំងប៉ាវក្រហមនាំសំណាង ដែលអាំងប៉ាវនីមួយៗមានរង្វាន់ដ៏មានអត្ថន័យ ធ្វើឱ្យអ្នកដំណើរទាំងអស់ ទទួលបាន អនុស្សាវរីយ៍ និងការចងចាំនាឱកាសនេះ។

ជាមួយគ្នានេះផងដែរ មន្រ្តីអាកាសយានដ្ឋាន និងថ្នាក់ដឹកនាំ ក៏បានចូលរួមប្រារព្ធពិធីអបអរសាទរជើងហោះហើរត្រឡប់មកវិញផងដែរ ដែលបានហោះហើរចេញពីទីក្រុងហាណូយ នៅម៉ោង ១២៖៣០នាទីថ្ងៃត្រង់ (ម៉ោងនៅវៀតណាម) ដើម្បីជូនដំណើរភ្ញៀវជាតិ និង​អន្តរជាតិ ចាកចេញពី​ទឹកដីពោរពេញដោយវប្បធម៌អច្ឆរិយៈ «Land Of Blue Dragon»

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia Cambodia បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការអបអរសាទរ នៃការបើកសម្ពោធជើងហោះហើរថ្មីនេះសម្រាប់ក្រុមហ៊ុន AirAsia Cambodia តាមរយៈការតភ្ជាប់នៃទីក្រុងភ្នំពេញ និងទីក្រុងហាណូយ ជាពិសេសដើម្បីជាការអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសវៀតណាមនេះផង។ ជើងហោះហើរថ្មីនេះនឹងផ្តល់នូវជម្រើសនៃការធ្វើដំណើរត្រង់ជាមួយតម្លៃដ៏សមរម្យរវាងទីក្រុងដ៏អស្ចារ្យទាំងពីរនេះ ការផ្លាស់ប្តូរវប្បធម៌ នឹងនាំមកនូវការជំរុញផ្នែកទេសចរណ៍ថែមទៀតផងដែរ។​ ការទទួលបានចំនួនអ្នកដំណើរពេញសម្រាប់ជើងហោះហើរដំបូងនេះ បានបង្ហាញពីផលវិជ្ជមាន និងសក្ដានុពលយ៉ាងខ្លាំង សម្រាប់គោលដៅទាំងពីរ»

លោកប្រធាននាយកប្រតិបត្តិ ក៏បានមានប្រសាសន៍បន្ថែមទៀតថា «ជាមួយនឹងការបើកសម្ពោធដំណើរការជើងហោះហើរមួយនេះ យើងខ្ញុំមានទំនុកចិត្តក្នុងការតភ្ជាប់អ្នកដំណើរពីជុំវិញពិភពលោកមកកាន់ ប្រទេសកម្ពុជា និងវៀតណាម តាមរយៈបណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន AirAsia Group ជាង១៣០ គោលដៅ» គិតចាប់ពីក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ បានបើកដំណើរការជើងហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនា ខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ ដោយរួមមាន ជើងហោះហើរក្នុងស្រុកឆ្ពោះទៅកាន់ ខេត្តសៀមរាប និងជើងហោះហើរអន្តរជាតិឆ្ពោះទៅកាន់ទីក្រុងសំខាន់ៗ ដូចជា កូឡាឡាំពួរ សិង្ហបុរី រហូតដល់ពេលបច្ចុប្បន្ននេះ យើងខ្ញុំបានពង្រីកជើងហោះហើរថ្មីបន្ថែមទៀតទៅកាន់ ទីក្រុងហូជីមិញ-ហាណូយ នៃប្រទេសវៀតណាម»

លោកបន្តថា «ដូច្នេះមកដល់ពេលបច្ចុប្បន្ន សរុបជើងហោះហើរទាំងអស់ យើងខ្ញុំមានមោទនភាពសូមជម្រាបជូនថា ជា។ AirAsia Cambodia បានដឹកជញ្ជូនអ្នកដំណើរទៅ-មកជាង ១០,០០០នាក់ ក្នុងមួយសប្តាហ៍ ដែលបានចេញដំណើរទៅ-មក ពីព្រះរាជាណាចក្រកម្ពុជា។ AirAsia Cambodia បានចូលរួមចំណែកក្នុងការជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ច ជាមួយនឹងផែនការពង្រីកជើងហោះហើរឆ្ពោះទៅកាន់គោលដៅជាច្រើនទៀត នាពេលអនាគត»

សូមបញ្ជាក់ថាម៉ោងចេញដំណើរ និងម៉ោងទៅដល់ គឺគិតជាទម្រង់ ២៤ម៉ោង (ម៉ោងក្នុងស្រុក)។

*តម្លៃដែលដាក់លក់រួមបញ្ចូលទាំងតម្លៃមូលដ្ឋាន ពន្ធ និងថ្លៃសេវាផ្សេងៗ។ ​លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

សូមមើលកាលវិភាគជើងហោះហើររវាង ទីក្រុងភ្នំពេញ (PNH) និងទីក្រុងហាណូយ (HAN) ដូចខាងក្រោមនេះ៖