(បរទេស)៖ នាយកប្រតិបត្តិ (CEO) លោក Mark Zuckerberg បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ ក្រុមហ៊ុន Meta Platform ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក គ្រោងវិនិយោគចំនួន ៦៥ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួនក្នុងគោលបំណងពង្រឹងជំហរក្រុមហ៊ុនប្រឆាំងនឹងគូប្រជែងដូចជា OpenAI និង Google ដែលជាគូប្រជែងដណ្តើមអំណាចបច្ចេកវិទ្យា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។
ជាផ្នែកមួយនៃការវិនិយោគនេះ Meta នឹងបង្កើនការជ្រើសបុគ្គលិកដែលមានទេពកោសល្យ AI និងសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីដ៏ធំលើសពី ២ជីហ្គាវ៉ាត់ ដែលនឹងមានទំហំធំគ្រប់គ្រាន់ដើម្បីគ្របដណ្តប់ផ្នែកសំខាន់នៃតំបន់ Manhattan នៃទីក្រុងញូវយ៉ក។ បន្ថែមពីនេះ Meta មានបំណងផ្តល់ថាមពលកុំព្យូទ័រលើសពី ១ជីហ្គាវ៉ាត់នៅចុងឆ្នាំ២០២៥ ដែលរួមចំណែកដល់ដំណើរការក្រាហ្វិកចំនួនសរុបជាង ១.៣លានគ្រឿង។
ការប្រកាសរបស់ Meta ត្រូវបានគេមើលឃើញថាបានកើតឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា OpenAI, SoftBank និង Oracle នឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីមួយមានឈ្មោះថា Stargate ជាមួយនឹងទុនវិនិយោគរហូតដល់ ៥០០ពាន់លានដុល្លារឯណោះនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ AI នៅទូទាំងសហរដ្ឋអាមេរិក។ ដោយឡែកកាលពីដើមខែនេះ ក្រុមហ៊ុន Microsoft ក៏បានប្រកាសដែរថា ខ្លួននឹងវិនិយោគប្រហែល ៨០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥នេះ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ខណៈដែល Amazon.com បាននិយាយថាការចំណាយឆ្នាំ ខ្លួនក៏នឹងបង្កើនការវិនិយោគផងដែរតាមការប៉ាន់លើសពី ៧៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។
គួរជម្រាបថា ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន បាននឹងកំពុងវិនិយោគរាប់សិបពាន់លានដុល្លារដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ AI បន្ទាប់ពីជោគជ័យនៃ ChatGPT របស់ OpenAI, មេធំរបស់ Meta លោក Mark Zuckerberg រំពឹងថា ជំនួយការ AI របស់ក្រុមហ៊ុនលោកមាននៅទូទាំងសេវាកម្ម - ដើម្បីបម្រើមនុស្សជាង ១ពាន់លាននាក់ក្នុងឆ្នាំ២០២៥ នឹងមានការកើនឡើងបន្ថែមទៀត ពោលគឺកើនឡើងពីអ្នកប្រើប្រាស់សកម្មប្រចាំខែប្រហែល ៦០០លាននាក់ដែលមានកាលពីឆ្នាំមុន៕