(បរទេស)៖ អ្នកនាំពាក្យសហភាពអឺរ៉ុប (EU) បានឱ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា គណៈកម្មការអឺរ៉ុបបានស្នើឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សរួមមាន Facebook, TikTok, X និងក្រុមហ៊ុនមួយចំនួនទៀតដូចជា Microsoft, LinkedIn, Google និង Snap ចូលរួមក្នុងការសាកល្បង «ការធ្វើតេស្តភាពតានតឹង» ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតនៅមុនការបោះឆ្នោតអាល្លឺម៉ង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។

ការធ្វើតេស្តភាពតានតឹងនេះ នឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែមករា ដើម្បីពិនិត្យមើល ថាតើពួកគេមានការការពារគ្រប់គ្រាន់ដើម្បីកាត់បន្ថយហានិភ័យនៅលើវេទិការបស់ពួកគេ ដូចដែលទាមទារដោយ ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA) ឬអត់។

យោងតាមអ្នកនាំពាក្យរបស់ EU លោក Thomas Regnier បានប្រាប់សន្និសីទសារព័ត៌មានថា «ការធ្វើតេស្តភាពតានតឹងនឹងស្វែងរកសេណារីយ៉ូសក្តានុពលផ្សេងៗដែល DSA អនុវត្ត ដែលអនុញ្ញាតឱ្យគណៈកម្មការវាយតម្លៃពីរបៀបដែលវេទិកាទាំងនេះនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមព័ត៌មានមិនពិតជាក់លាក់»។ នេះពាក់ព័ន្ធ ជាពិសេសចំពោះការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីព័ត៌មានមិនពិតដែលជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោត ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ដ៏ចម្រូងចម្រាសថ្មីៗពាក់ព័ន្ធនឹងឥស្សរជននយោបាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ជុំវិញរបាយការណ៍នេះ អ្នកតំណាងក្រុមហ៊ុន Meta, Snap, Google, X, Microsoft និង LinkedIn មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយនោះទេ។

គួរជម្រាបថា មន្ត្រីជាន់ខ្ពស់គណៈកម្មការអឺរ៉ុបបាននិយាយថា មន្ត្រីអនុលោមភាពជាន់ខ្ពស់នៅក្រុមហ៊ុននានាត្រូវបានអញ្ជើញឱ្យចូលរួម រួមជាមួយនឹងអ្នកឯកទេសផ្សេងទៀតដែលទទួលខុសត្រូវក្នុងការអនុវត្ត DSA។ ការធ្វើតេស្តនេះ គឺជាលើកទីមួយសម្រាប់ការបោះឆ្នោតជាតិ បន្ទាប់ពីការបោះឆ្នោតមួយត្រូវបានធ្វើឡើងមុនការបោះឆ្នោតសភាអឺរ៉ុបកាលពីឆ្នាំមុន៕