(មេនឆេស្ទើ)៖ កីឡាករអន្តរជាតិអង់គ្លេស Marcus Rashford មិនបដិសេធក្នុងការកាត់ប្រាក់ពី ៣០ម៉ឺនផោនក្នុង ១សប្តាហ៍ជាមួយ Manchester United ដើម្បីបានលេងនៅក្លិបអ្នកមានបុណ្យ FC Barcelona។
ពីគេហទំព័រកីឡា Daily Star បានចេញផ្សាយនៅថ្ងៃអាទិត្យនេះថា Rashford ដែលកំពុងអង្គុយកៅអីបម្រុងនៅ Old Trafford ស្ថិតក្រោមការបង្វឹកដោយលោក Ruben Amorim បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការផ្លាស់ទៅលេងនៅ Barcelona បើទោះបីជាត្រូវកាត់ប្រាក់ពលកម្មខ្លះក៏ដោយ។
ទន្ទឹមគ្នានោះ កីឡាករចេញពីយុវជនថ្នាលបិសាចក្រហមរូបនេះ ក៏បានបដិសេធសំណើពីក្លិប Borussia Dortmund, Napoli និងគូប្រជែងរួមលីគ Premier League គឺកាំភ្លើងធំ Arsenal ក្នុងការជ្រើសរើសក្លិបយក្សអេស្ប៉ាញ Barcelona ជំនួសវិញ ក្នុងទីផ្សារដោះដូរកីឡាករប្រចាំខែមករា ដើមឆ្នាំ២០២៥ នេះ។
លើសពីនេះទៀត ប្រសិនបើគម្រោងការផ្ទេរលក្ខណៈខ្ចីជើងទៅ Camp Nou រហូតចប់រដូវកាលនេះជោគជ័យ Rashford ក៏មានបំណងកាត់ប្រាក់ពលកម្មបន្ថែមទៀតដែរ ដើម្បីជជែកគ្នាក្នុងការផ្ទេរជាអចិន្រ្ទៃទៅលេងក្នុងក្របខណ្ឌ La Liga នារដូវកាលបន្ទាប់៕