(មេនឆេស្ទើ)៖ ខ្សែបម្រើស្លាប Antony របស់ក្លិបបិសាចក្រហម Manchester United បានផ្លាស់ទៅចូលរួមជាមួយ Real Betis របស់អេស្ប៉ាញជាលក្ខណៈខ្ចីជើងរហូតដល់ចប់រដូវកាលឆ្នាំ២០២៤-២៥។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា កីឡាករវ័យ ២៤ឆ្នាំរូបនេះ ជាសមាជិកផ្ទេរចូលថ្លៃជាងគេទី២ របស់បិសាចក្រហមក្នុងតម្លៃប្រមាណ ៨១.៣លានផោននាអំឡុងខែសីហា ឆ្នាំ២០២២ ពីក្លិប Ajax ស្ថិតក្រោមការបង្វឹករបស់លោក Erik ten Hag បន្ទាប់ពី Paul Pogba។
បើយោងតាមប្រភពពី United បានបង្ហើបថា ការផ្ទេរជាលក្ខណៈខ្ចីជើងនេះដែរ ក្រុមលេងនៅ La Liga គឺ Real Betis នឹងរ៉ាប់រងប្រាក់ខែរបស់ Antony ចំនួន ៨៤% ដែលបច្ចុប្បន្នកីឡាករប្រេស៊ីលរូបនេះមានប្រាក់ពលកម្មជាង ១០ម៉ឺនក្នុង ១សប្តាហ៍ ជាមួយនឹងកិច្ចសន្យាដល់ឆ្នាំ២០២៧ នៅកីឡដ្ឋាន Old Trafford។
ជារួម Antony ទើបតែរកបាន ១២គ្រាប់ ពីការបង្ហាញខ្លួនសរុប ៩៦ប្រកួត ប៉ុន្តែទើបរកបាន ១គ្រាប់ប៉ុណ្ណោះនៅ Premier League សម្រាប់ Man Utd គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក៕