(ភ្នំពេញ)៖ រដ្ឋធម្មនុញ្ញ គឺជាច្បាប់គ្រឹះ និងជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទូទៅកំណត់ជាមូលដ្ឋាននូវរចនាសម្ព័ន្ធមុខងាររបស់រដ្ឋ ស្ថាប័នសំខាន់ៗរបស់រដ្ឋ ព្រមទាំងកំណត់នូវសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀតត្រូវតែគោរពតាមជាដាច់ខាត ។

ទន្ទឹមនឹងនេះ ដើម្បីរក្សាតម្លៃនេះបាន រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឱ្យមានស្ថាប័នកំពូលមួយដែលហៅថា ក្រុមប្រឹក្សាធម្មនុញ្ញ ដែលស្ថាប័នមួយនេះ មានសមត្ថកិច្ច ក្នុងការធានាការពារការគោរព ការបកស្រាយរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជារបស់រដ្ឋសភា ព្រឹទ្ធសភាមួយវិញទៀតស្ថាប័ននេះក៏មានសិទ្ធិពិនិត្យ និងសម្រេចអំពីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។

តើក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចដូចម្តេចខ្លះ ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍ នេះនឹងធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម៖

ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយ ដែលមានបញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងត្រូវបានចាប់ផ្តើមដំណើរការពេញលេញនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩៨ ។ យោងតាមច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បានកំណត់នូវសមត្ថកិច្ចរបស់ក្រុមប្រឹក្សាចំនួន ០២ (ពីរ) គឺ ១.សមត្ថកិច្ចចំពោះធម្មនុញ្ញភាពនៃច្បាប់ ២.សមត្ថកិច្ច ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងជ្រើសតាំងសមាជិកព្រឹទ្ធសភា ។

១. សមត្ថកិច្ចចំពោះធម្មនុញ្ញភាពនៃច្បាប់

មាត្រា ១៥ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ញត្តិថា ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ការបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ ហើយក្នុងក្របខណ្ឌនៃការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ។ តាមរយៈនេះ ការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ត្រូវបានបែងចែកជាពីរ គឺការត្រួតពិនិត្យមុនប្រកាសឱ្យប្រើ និងការត្រួតពិនិត្យក្រោយប្រកាសឱ្យប្រើ ។ ការត្រួតពិនិត្យមុនប្រកាសឱ្យប្រើ យោងតាមមាត្រា ១៦ ថ្មី បានបញ្ញាត្តិថា ច្បាប់រៀបចំអង្គការ និងវិសោធនកម្មនៃច្បាប់រៀបចំអង្គការ ក្រោយពីរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ត្រូវដាក់ជូនក្រុមប្រឹក្សាធម្មនុញ្ញដោយប្រធានរដ្ឋសភា ដើម្បីពិនិត្យ តើច្បាប់នោះស្រប ឬមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ មុននឹងត្រូវបានប្រកាសឱ្យប្រើ ។

បន្ថែមពីនេះ ចំពោះបទបញ្ជាផ្ទៃក្នុង និងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងរដ្ឋសភាក្រោយពីស្ថាប័នទាំងពីរនេះអនុម័តរួច ត្រូវដាក់ជូនក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យ ថាតើបទបញ្ជាផ្ទៃក្នុងនិងវិសោធនកម្មនោះស្រប ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ មុននឹងត្រូវបានប្រកាសឱ្យប្រើ ។ ជាមួយគ្នានេះមាត្រា ១៧ ថ្មី ក៏បានបញ្ញត្តិថាមុននឹងប្រកាសឱ្យប្រើច្បាប់ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន ឬសមាជិករដ្ឋសភាចំនួនមួយភាគដប់ ក៏អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាព ។ ដោយឡែក ការត្រួតពិនិត្យក្រោយប្រកាសឱ្យប្រើ យោងមាត្រា ១៨ ថ្មីសម្រាប់ច្បាប់ណាមួយត្រូវបានប្រកាសឱ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន សមាជិករដ្ឋសភាចំនួនមួយភាគដប់ ឬតុលាការ អាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នោះ ។ ទន្ទឹមនឹងនេះ ប្រជារាស្រ្តក៏មានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់ ឬសុំឱ្យបកស្រាយច្បាប់ទៅក្រុមប្រឹក្សាធម្មនុញ្ញបាន តាមរយៈប្រធានរដ្ឋសភា ឬតំណាងរាស្រ្ត ឬប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភា ។

២. សមត្ថកិច្ចចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងជ្រើសតាំងសមាជិកព្រឹទ្ធសភា

យោងតាមមាត្រា ២៥ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចអំពីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភា ។ ឧទាហរណ៍ នៅពេលដែលមានគណបក្សនយោបាយណាមួយ ដែលមិនសុខចិត្តទៅនឹងលទ្ធផលនៃការបោះឆ្នោត គណបក្សនយោបាយនោះ មានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ាដោយផ្ទាល់មកកាន់ក្រុមប្រឹក្សាធម្មនុញ្ញបាន ហើយក្រុមប្រឹក្សាធម្មនុញ្ញ គឺមានសមត្ថកិច្ចក្នុងការពិនិត្យ និងសម្រេចសេចក្តីទៅលើបណ្តឹងតវ៉ានោះបាន ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា ។

សរុបសេចក្តីមក ក្រុមប្រឹក្សាធម្មនុញ្ញ គឺស្ថាប័នកំពូលមួយដែលមានសមត្ថកិច្ចក្នុងការធានាការពាររក្សានូវតម្លៃនៃ រដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រមទាំងជាស្ថាប័នដែលមានសិទ្ធិពិនិត្យ និងសម្រេចអំពីវិវាទកម្មទាំងឡាយណា ដែលទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភា ។
 
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ញ៉ែត មករា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥  ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕