(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ចប់ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២៥ នៅខេត្តកំពត ខណៈមន្ដ្រីជំនាញ បានវាយតម្លៃខ្ពស់ ចំពោះកំណើនសមត្ថភាពអត្តពលិកចូលរួម ពិសេសបេក្ខភាពក្រុមជម្រើសជាតិ ដែលបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំមុន ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំខាងលើ មានសមាគម/ក្លិបចូលរួមជាង ២០ បើធៀបឆ្នាំមុន មានការថយចុះ ១០ក្លិប ដោយសារឆ្នាំនេះ សហព័ន្ធបានរៀបចំលើផ្លូវ ដែលមានស្ថានភាពលំបាក និងជាការប្រកួតជ្រើសរើសកីឡាករប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ខាងមុខ ។
ចំពោះគោលដៅសំខាន់ នៃការប្រកួតជើងឯកថ្នាក់ជាតិលើកនេះដែរ គឺជាការធ្វើតេស្ដសមត្ថភាពក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំ២០២៤ កន្លងមក ដើម្បីវាយតម្លៃសមត្ថភាពួកគេ ។ ជាលទ្ធផលសហព័ន្ធបានមើលឃើញពីការខិតខំរបស់កីឡាករ-កីឡាការិនីទាំងអស់ ពិសេសការជិះឡើងភ្នំ ដែលកជាការឆ្លើយតបនឹងការត្រៀមប្រកួតលើស្ថានភាពផ្លូវលំបាកដូចគ្នា ក្នុងស៊ីហ្គេមចុងឆ្នាំនេះ ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «តាមរយៈការប្រកួតនេះ យើងឃើញថា កម្រិតសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីមានការរីកចម្រើន ពិសេសកីឡាករជម្រើសជាតិ ដែលបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំ២០២៤ ។ ពួកគាត់បានចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ នាដើមឆ្នាំនេះ គឺមានកម្រិតបច្ចេកទេសកើនឡើងគួរឲ្យកត់សម្គាស់ ពិសេសការឡើងភ្នំបូកគោ គឺពួកគាត់ធ្វើបានល្អជាងឆ្នាំមុន» ។
គួរដឹងថា ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញលើ ៨វិញ្ញាសា គឺក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២) ។ ក្លិបកង់គិរីរម្យ ឈ្នះមេដាយមាស ២ និងប្រាក់ ១ ឈរលេខ២ ។ ក្លិប Electro Racing ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ៣ ។ ក្លិបកង់កំពត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ឈរលេខ៤ និងក្លិប Cambodia Biking ឈរលេខ៥ ឈ្នះមេដាយមាស ១គ្រឿង ។ ក្នុងនាមសហព័ន្ធ លោក នូ ចំរើន បានអរគុណក្រសួងអប់រំ រដ្ឋបាលខេត្តកំពត និងដៃគូឧបត្ថម្ភ ដែលបានឧបត្ថម្ភគាំទ្រ និងជំរុញឲ្យព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បញ្ចប់ដោយជោគជ័យ ៕