(ភ្នំពេញ)៖ កំណត់ត្រាក្រុមមិនស្គាល់ចាញ់ និងក្រុមមិនស្គាល់ឈ្នះ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ត្រូវបានបិទបញ្ចប់ត្រឹមសប្ដាហ៍ទី១៩ បន្ទាប់ពីក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្នំពេញក្រោន ៣-១ ខណៈក្រុមបាតតារាងគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមភ្ញៀវក្រសួងមហាផ្ទៃ ៤-១ កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ។
បន្ទាប់ពីរក្សាកំណត់ត្រាមិនស្គាល់ចាញ់ អស់រយៈពេល ១៧០ថ្ងៃ ភ្នំពេញក្រោន បានស្គាល់បរាជ័យជាលើកដំបូង នៅទឹកដីខេត្តស្វាយរៀង ។ សម្រាប់ជំនួបដ៏ជក់ចិត្តជើងទី១ នេះ កីឡាករ ញាណ សុស៊ីដាន បានស៊ុតគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ត្រឹមរយៈពេល ៥នាទី មុនកីឡាករ Jelle Joost Goselink រកបានគ្រាប់តាមស្មើឲ្យភ្នំពេញក្រោនវិញ នៅនាទី៣៦ ។
បន្ទាប់មកក្រុមទាំងពីរ បានសម្រុកគ្នាកាន់តែខ្លាំង តែសោកស្ដាយនៅនាទី៥៤ ភ្នំពេញក្រោន បានបាត់បង់សមាជិកម្នាក់ ដែលរងពិន័យកាតក្រហម គឺកីឡាករ យ៉ើ មូសស្លីម ។ ការណ៍នេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង មានប្រៀប ហើយបន្ដដាក់សម្ពាធ រហូតរកបាន ២គ្រាប់បន្ថែម ដោយកីឡាករ ដោយកីឡាករ Gabriel Silva Costa នៅនាទី៧១ និងកីឡាករ Pablo Augusto នៅនាទី៩០+២ ដើម្បីបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមសិង្ហក្រហមតែម្ដង ។
ជាមួយការសងសឹកបានសម្រេច ក្រោយរងបរាជ័យ ៣-៤ ក្រៅដី កាលពីជើងទី១ នេះដែរ បានធ្វើឲ្យពិន្ទុក្រុមទាំងពីរ កាន់តែប្រកៀកប្រកិតគ្នា ពោលគឺភ្នំពេញក្រោន បន្ដឈរកំពូលតារាង រកបាន ៤៤ពិន្ទុ គ្រាដែលព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ២ រកបាន ៤៣ពិន្ទុ ក្រោយឆ្លងកាត់ ១៧ប្រកួតដូចគ្នា តាមពីក្រោយដោយក្រុមវិសាខា ដែលឈរលេខ៣ និងរក្សា ៣៨ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៤-២ គួរឲ្យភ្ញាក់ផ្អើល កាលពីចុងសប្ដាហ៍កន្លងទៅ ។
ក្រឡេកទៅចាប់អារម្មណ៍ក្រុមមិនទាន់ស្គាល់ឈ្នះ គិរីវង់សុខសែនជ័យ វិញ គឺបានបញ្ចប់កំណត់ត្រាដ៏អាក្រក់នេះ បន្ទាប់ពីធ្វើបានយ៉ាងល្អ តាមរយៈការស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវក្រសួងមហាផ្ទៃ ៤គ្រាប់មុន ដោយកីឡាករ ឃាន់ សុប៉ិន ដែលខ្ចីជើងមកពីក្លិបបឹងកេត ចំនួន ២គ្រាប់ ព្រមទាំងមិត្តរួមក្រុម អារីហ្វីន ម៉ូហាំម៉ាត់ និង Neville Mbanwei Tengeg ម្នាក់ ១គ្រាប់ មុនកីឡាករ ចាន់ វិបុលដាវីដ វាយបកបាន ១គ្រាប់ឲ្យក្រសួងមហាផ្ទៃ នៅចុងម៉ោង ។
នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមគិរីវង់ ក្នុងលីគកំពូលកម្ពុជា រដូវកាលនេះ ក្រោយការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ដែលដឹកនាំបុរសជនជាតិសិង្ហបុរីលោក Sagara Satya បន្ទាប់ពីឆ្លងកាត់ ១៧ប្រកួតកន្លងមក បានត្រឹមស្មើ ២ដង ខណៈ ១៥ដងទៀត សុទ្ធតែបរាជ័យ ។ យ៉ាងណាជ័យជម្នះនេះ បានត្រឹមជួយឲ្យគិរីវង់ រកបាន ៥ពិន្ទុ ស្មើក្រសួងមហាផ្ទៃ តែមិនអាចគេចផុតពីកៅអីបាតតារាងឡើយ ៕