(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ជាធនាគារខ្មែដំបូងគេ ដែលបានបង្កើតអេបធនាគារឌីជីថល ព្រមទាំងបាននិងកំពុងអភិវឌ្ឍសមត្ថភាពប្រតិបត្តិការជាបន្ដបន្ទាប់ ដើម្បីបំពេញកំណើនដ៏ឆាប់រហ័សនៃតម្រូវការអ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ជាក់ស្ដែង អេស៊ី ស៊ូភើអេប របស់ធនាគារខ្មែរដ៏ធំជាងគេមួយនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយមុខងារកាន់តែពិសេសជាងមុនទាំងផ្នែក សន្ដិសុខសុវត្ថិភាព និងមុខងារដ៏សម្បូរបែប តម្រូវការអ្នកប្រើប្រាស់គ្រប់វ័យ និងគ្រប់រដូវកាល។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានលើកឡើងថា ក្នុងនាមជាធនាគារខ្មែរដ៏ធំជាងគេមួយ អេស៊ីលីដា តែងតែមានការគិគគូរយ៉ាងយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធឌីជីថលរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ស្របទៅតាមកំណើនជឿនលឿននៃយុគ្គសម័យបច្ចេកវិទ្យា។ យ៉ាងណាមិញ អេស៊ី ស៊ូភើអេប ជាអេបធនាគារ ឌីជីថល ដែលមានប្រវត្តិចាស់ទុំរបស់ អេស៊ីលីដា ដែលផ្ដើមឡើងដំបូងចេញពី អេស៊ីលីដាយូនីធី បន្ទាប់មកវិវត្តមកជា អេស៊ីលីដាទាន់ចិត្ត, អេស៊ីលីដាម៉ូបាល និងចុងក្រោយនេះ បានកម្លាយមកជា អេស៊ី ស៊ូភើអេប។
បើតាម បណ្ឌិត អ៊ិន ចាន់នី ក្រៅតែពីមានបំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតហើយនោះ អេស៊ី ស៊ូភើអេប ក៏នាំមកនូវរូបរាងថ្មីដ៏ទាក់ទាញ ដែលតម្រូវតាមសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ទូទៅគ្រប់វ័យ និងគ្រប់រដូវកាល ព្រមទាំងផ្សាភ្ជាប់ជាមួយទំនៀមទម្លាប់ វប្បធម៌របស់ប្រជាពលរដ្ឋខ្មែរផងដែរ។
លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ទៀតថា «លក្ខខណៈពិសេសរបស់ អេស៊ី ស៊ូភើអេប គឺមានមុខងារច្រើនមុខ ដែលអតិថិជនអាចប្រើប្រាស់ដូចជា ធនាគារពិតប្រាកដនៅក្នុងដៃ នៅក្នុងផ្ទះ នៅក្នុងហាងអាជីវកម្ម នៅគ្រប់ទិសទីទាំងអស់ ដែលគាត់ត្រូវការប្រើប្រាស់»។
បន្ថែមពីនេះ អេស៊ី ស៊ូភើអេប ក៏មានមុខងារពិសេស លើសពីអេបធនាគារដទៃ ដោយអាចធ្វើការបញ្ជាទិញមូលបត្រនៅក្នុងទីផ្សារមូលបត្រកម្ពុជា, តភ្ជាប់ជាមួយនឹងសេវាសាធារណៈរបស់ក្រសួង មន្ទីរ និងស្ថាប័នរដ្ឋ និងឯកជននានាជាច្រើនទៀត ពោលគឺអតិថិជន អាចប្រើប្រាស់អេបធនាគារឌីជីថលមួយនេះ ដើម្បីធ្វើការទូទាត់ថ្លៃសេវាជាច្រើន ដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះ អេស៊ីលីដា នៅតែបន្ដសហការជាមួយនឹងស្ថាប័នរដ្ឋ និងឯកជនផ្សេងៗទៀត ដើម្បីពង្រីកការផ្ដល់សេវាកាន់តែប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់៕