(បរទេស)៖​ ថ្មីៗនេះទទួលបានដំណឹងមកថា WhatsApp​ អាចប្រើប្រាស់គណនីច្រើនបាននៅលើ​ iPhone ហើយគ្រោងនឹងប្រកាសចេញក្នុងពេលដ៏ខ្លីខាងមុខនេះ។ ខណៈមុខងារនេះ មាននៅលើកម្មវិធី Android ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មកម្លេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

យោងតាម WBetaInfo បានរាយការណ៍ថា WhatsApp នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone ដែលមានតម្រូវការច្រើនអាចប្រើកម្មវិធីនេះ ជាមួយនឹងលេខទូរស័ព្ទ ២ ឬ ៣ ក្នុងពេលតែមួយ ឬ អាច switch កម្មវិធីចុះឡើងបានដូចទៅនឹង Telegram អ៊ីចឹង។ ពោលគឺ អ្នកប្រើប្រាស់លែងចាំបាច់ប្រើមុខងារកម្មវិធី Clone ឬពឹងផ្អែកលើកម្មវិធី WhatsApp Business ទៀតហើយ។

គួរជម្រាបថា មុខងារនេះត្រូវបានគេរំពឹងថា នឹងមកដល់នៅក្នុងកំណែ 25.2.10.70 នៃ WhatsApp សម្រាប់កម្មវិធីបែតារបស់ iOS។ ដោយឡែកពេលវេលាជាក់លាក់នៃការធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ មិនត្រូវបានបញ្ជាក់ថានៅថ្ងៃណានោះទេ៕