(ភ្នំពេញ)៖ ធនាគារ ABA និងក្រុមហ៊ុន Charge+Cambodia កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៅការិយាល័យកណ្តាលរបស់ធនាគារផ្ទាល់ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់វិស័យរថយន្តអគ្គិសនី (Electric Vehicles-EV) ក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះ បានភ្ជាប់ប្រព័ន្ធសេវាទូទាត់ប្រាក់ដ៏រលូន និងជម្រើសហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប សម្រាប់តម្រូវការដំឡើងស្ថានីយសាករថយន្តអគ្គិសនី ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការជំរុញការធ្វើដំណើរដោយនិរន្តរភាពក្នុងតំបន់។
ពិធីចុះហត្ថលេខានេះ មានការចូលរួមដោយភាគីពាក់ព័ន្ធសំខាន់ៗ មកពីគ្រឹះស្ថានទាំងសងខាង ដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាទៅលើនិរន្តរភាព និងនវានុវត្តន៍។ ភាពជាដៃគូសហការនេះដែរ ក៏ស្របទៅនឹងគោលនយោបាយរបស់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នបំពុល និងអនុវត្តបច្ចេកវិទ្យាស្អាត ដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ការផ្លាស់ប្តូរនៃការទូទាត់ប្រាក់របស់រថយន្តអគ្គិសនីក្រុមហ៊ុន Charge+ Cambodia ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយឧបករណ៍សាកថ្មរថយន្តអគ្គិសនី (EV) ឈានមុខគេក្នុងប្រទេសកម្ពុជា សិង្ហបុរី និងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្ដាញស្ថានីយសាកថ្មជាច្រើនកន្លែង កំពុងដំណើរការភ្ជាប់ក្នុងអេប Charge+។ អេបនេះ នឹងកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីន POS ឬ QR កូដនៅនឹងកន្លែង ហើយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងការទូទាត់របស់ពួកគេតាមអេបទាំងស្រុង។ ជាមួយការភ្ជាប់ផ្លេតហ្វមសេវាទូទាត់ ABA PayWay អតិថិជនអាចបញ្ចូលលុយទៅក្នុងវ៉លឡេតកម្មវិធី Charge+ តាមរយៈកូដ KHQR ឬកាតធនាគារដោយផ្ទាល់នៅក្នុងអេប ដែលបង្កើនភាពងាយស្រួលដល់ដំណើរការសាកថ្មរបស់អ្នកប្រើប្រាស់ រថយន្តអគ្គិសនី។
លោក Peter Ng Meng Cheng ប្រធានក្រុមហ៊ុន Charge+ Cambodia មានប្រសាសន៍ថា «ស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០៣០ យើងខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីអភិវឌ្ឍរោងចក្រផលិត និងដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីដំបូងគេបង្អស់ក្នុងប្រទេសតាមរយៈសហគ្រាស។ យើងខ្ញុំតែងតែសហការយ៉ាងសកម្មជាមួយបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាប់ផ្តើមដំណើរការនេះ។ ជាមួយនឹងការទូទាត់តាមរយៈកូដ KHQR របស់ ABA យើងខ្ញុំជឿជាក់ថាកិច្ចសហការនេះនឹងពន្លឿនការប្រើប្រាស់រថយន្តអគ្គិសនី និងលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពក្នុងប្រទេស»។
ពង្រីកហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី ជាមួយនឹងជំនួយហិរញ្ញវត្ថុ
បន្ថែមពីលើការភ្ជាប់សេវាទូទាត់ ភាពជាដៃគូសហការនេះនឹងមានគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្មរថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាបដល់ក្រុមហ៊ុន Charge+ ក្នុងការដំឡើងស្ថានីយសាកថ្ម មិនថាសម្រាប់ឯកជន ឬអាជីវកម្ម។ កម្មវិធីហិរញ្ញប្បទានដែលសម្របសម្រួលដោយធនាគារ ABA ត្រូវបានរំពឹងថានឹងលើកកម្ពស់ការបង្កើតស្ថានីយសាកថ្មជាច្រើនទៀតនៅក្នុងប្រទេស និងដោះស្រាយបញ្ហាចំបងដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។
លោក Zhiger Atchabarov នាយកប្រតិបត្តិការនៃធនាគារ ABA មានប្រសាសន៍ថា «ភាពជាដៃគូសហការនេះ បានគូសបញ្ជាក់អំពីចក្ខុវិស័យរួមរបស់យើងខ្ញុំ ក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតបៃតង។ តាមរយៈការរួមបញ្ជូលគ្នានូវជំនាញរបស់ក្រុមហ៊ុន Charge+ Cambodia ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី ជាមួយដំណោះស្រាយទូទាត់ប្រាក់ដ៏សុវត្ថិភាព និងមានទំនុកចិត្តរបស់ធនាគារ យើងខ្ញុំនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបង្កើនស្ថានីយសាកថ្មរថយន្តអគ្គិសនី ឲ្យកាន់តែទូលំទូលាយ»។
ការកើនឡើងនៃទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជាភាពជាដៃគូនេះ បានបង្កើតឡើងក្នុងរយៈពេលដ៏សំខាន់សម្រាប់វិស័យរថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងថេរ។ក្នុងអំឡុងពេល ២ឆ្នាំកន្លងមកនេះ ចំនួននៃការចុះបញ្ជីរថយន្តអគ្គិសនី បានកើនឡើងទ្វេរដង តាមរយៈកំណើនចំណេះដឹងអំពីបរិស្ថាន និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលទៅលើបច្ចេកវិទ្យាបៃតង។ រាជរដ្ឋាភិបាល ក៏បានកំណត់គោលដៅ ឆ្នាំ២០៣០ ឲ្យសម្រេចបាននូវការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធសរុបចំនួន ៧៧០,០០០គ្រឿង ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងក្តាប់យកឱកាសថ្មីៗក្នុងការជំរុញភាពចម្រុះមូលដ្ឋានសេដ្ឋកិច្ច។ យ៉ាងណាមិញ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីនៅមានកំណត់ ដែលនៅតែជាបញ្ហាប្រឈម៕