(ភ្នំពេញ)៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំ ជាមួយក្រុមការងារ ព្រមទាំងទីប្រឹក្សារធានារ៉ាប់រងទាំងអស់ ដោយរួមបញ្ចូលការបូកសរុប សមិទ្ធផលការងារពីឆ្នាំចាស់ ២០២៤ ដែលជា «ឆ្នាំនៃប្រសិទ្ធផល» និងការកំណត់នូវទិសដៅយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០២៥ ជា «ឆ្នាំនៃភាពជាម្ចាស់»

ទិសដៅយុទ្ធសាស្រ្តនេះ បង្កើតឡើងក្នុងគោលបំណង បង្កើននូវប្រសិទ្វផល និងភាពជាម្ចាស់ក្នុងការបំពេញភារកិច្ច និងកាតព្វកិច្ច របស់ក្រុមការងារ ទីប្រឹក្សាធានារ៉ាប់រង និងដៃគូអាជីវកម្ម ប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ចំពោះការប្រឹក្សា និងផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុជូនដល់អតិថិជន ដើម្បីធានាឱ្យបាននូវគុណភាពនៃសេវាកម្ម និងបទពិសោធន៍ កាន់តែប្រសើរជាងមុនជូនដល់អតិថិជន ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការផ្តល់នូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង និងការបន្តគាំទ្រគ្រួសារ កម្ពុជារស់នៅ ដោយភាពរីករាយ និងការរៀបចំអនាគតហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំសម្រាប់ក្រុមគ្រួសារនីមួយៗតាមរយៈសេវាកម្មធានារ៉ាប់រងអាយុជីវិត និងបច្ចេកវិទ្យាឌីជីថលដែលយើងមាន។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ប្រកបដោយផ្លែផ្កា ក្រុមហ៊ុនក៏បានរៀបចំដំណើរកម្សាន្តជុំគ្នានៃគ្រួសារ FWD Cambodia ដោយមានបញ្ចូលកម្មវិធីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្រោមប្រធានបទ «តស់សន្សំ! ដើម្បីរស់នៅដោយភាពរីករាយ» ជូនដល់សហគមន៍ដែលកំពុងជួបការខ្វះខាត។ កម្មវិធីនេះទទួលបានការចូលរួមពីគណៈគ្រប់គ្រង និងក្រុមការងារ ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា វត្តកោះ ដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ជីម គង់ហ៊ុយ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានថ្លែងថា «នៅឆ្នាំ២០២៥ នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia នៅតែបន្តបេសកកម្មរបស់យើងក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខបែបឌីជីថល ដែលផ្តោតលើអតិថិជនជាគោល និងផ្ដល់ជូននូវការការពារ ការគាំទ្រទៅកាន់សហគមន៍ និងក្រុមគ្រួសារកម្ពុជារស់នៅដោយភាពរីករាយ តាមរយៈការផ្តល់នូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង ដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប និងចាប់ដៃគូអាជីវកម្មជាមួយធនាគារដែលមានកេរ្តិ៍ឈ្មោះ និងមានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា»

លោកបន្ដថា «យើងមានគោលបំណងរួមមួយគឺ ការផ្តល់នូវដំណោះស្រាយ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព មិនថាជាការគិតគូរពីអនាគតហិរញ្ញវត្តុរបស់គ្រួសារលោកអ្នក ការស្វែងរកចំណូលចិត្ត ឬដំណើរឆ្ពោះទៅរកគោលដៅជីវិត យើងខ្ញុំនៅទីនេះដើម្បីជួយគាំទ្រលោកអ្នកគ្រប់ជំហាន។ យើងក៏បានចូលរួមសកម្មភាពគាំទ្រសហគមន៍ជាច្រើន ជាអ្វីដែលក្រុមហ៊ុនយើងខ្ញុំទាំង ១០ ទីផ្សារក្នុងតំបន់អាស៊ីបាននិងកំពុងប្រតិបត្តិ។ ខ្ញុំពិតជាមានមោទកភាពណាស់ ដែលបានឃើញការចូលរួមយ៉ាងសកម្មក្នុងការងារសហគមន៍ពីសំណាក់ក្រុមការងារ និងការជ្រោមជ្រែងយ៉ាងពេញទំហឹងពីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន»

សូមជម្រាបថា ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលមានអតិថិជនប្រមាណ ១៣ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។

តាមរយៈយុទ្ធសាស្ត្ររួមក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ ក្រុមហ៊ុន FWD ផ្តើមប្រតិបត្តិការជាផ្លូវការ ក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រង បែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុត ក្នុងប្រទេសកម្ពុជាពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស៕