(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថាកំពុងរៀបចំរចនាសម្ព័ន្ធនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ខ្លូនឡើងវិញ ខណៈដែលសមាជិកចំនួន ២រូបកំពុងឈានចូលវ័យនិវត្តន៍នៃអាយុ ៧៥ឆ្នាំ។ ក្នុងនោះរួមមានលោក Art Levinson និងលោក Ronald Suga។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។
យោងតាមរបាយការណ៍ពី Bloomberg បានបង្ហាញថា លោក Art Levinson ដែលជាប្រធានក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន នឹងឈានចូលវ័យ ៧៥ឆ្នាំក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ហើយការចូលនិវត្តន៍របស់លោកទំនងជាប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ Apple ក្នុងខែកុម្ភៈ។ ចំពោះពេលវេលាចូលនិវត្តន៍វិញអាចនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៦។ លោក Levinson បានក្លាយជាក្រុមប្រឹក្សាភិបាលរបស់ Apple ចាប់តាំងពីឆ្នាំ២០១០ មកម្លេះ ខណៈបច្ចុប្បន្ននេះកំពុងកាន់តំណែងជា CEO ក្រុមហ៊ុន Calico Life Sciences ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Alphabet។
ដោយឡែកចំពោះលោក Ronald Sugar វិញក៏ជាសមាជិកក្រុមប្រឹក្សាភិបាលជើងចាស់របស់ Apple មួយរូបផងដែល មានវ័យ ៧៦ឆ្នាំ ដោយលោកត្រូវបានផ្តល់ការលើកលែងជាពិសេសនៅក្នុងខែមីនា ឆ្នាំ២០២៤ ដោយ CEO លោក Tim Cook បានហៅថា «ការយល់ដឹងស៊ីជម្រៅអំពីក្រុមហ៊ុន» ហើយត្រូវបានគេរំពឹងថា នឹងចូលនិវត្តន៍ក្នុងពេលឆាប់ៗខាងមុខនេះ។
គួរជម្រាបថា តំណែងសមាជិកក្រុមប្រឹក្សាភិបាលថ្មីនៅមិនទាន់ជ្រើសរើសបាននៅឡើយនោះទេ។ ប៉ុន្តែត្រូវបានប្រភពលើកឡើងថា លោក Tim Cook អាចចូលជំនួសតំណែងប្រធានក្រុមប្រឹក្សាភិបាលបានគ្រប់ពេលប្រសិនបើលោកចង់។ Cook បាននៅជាមួយ Apple ចាប់តាំងពីឆ្នាំ១៩៩៨ មកម្លេះ ហើយបានក្លាយជា CEO នៅក្នុងឆ្នាំ២០១១។ បច្ចុប្បន្ននេះ Cook មានវ័យ ៦៤ឆ្នាំ លោកអាចទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៅឆ្នាំ២០២៦ ស្របតាមផែនការចូលនិវត្តន៍នាពេលអនាគតរបស់លោក៕