(ភ្នំពេញ)៖ លោក Matthew Allen ប្រធានក្រុមបាល់ទាត់មិនអាជីព CIA First បានសម្ដែងការសប្បាយចិត្តជាខ្លាំង បន្ទាប់ពីបានក្លាយជាក្រុមតំណាងកម្ពុជា ត្រៀមចូលរួមការប្រកួតពានរង្វាន់អន្ដរជាតិ នៅកីឡដ្ឋានរបស់ក្លិប Tottenham Hotspur នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលជាទីកំណើតរបស់ខ្លួន ។
ការលើកឡើងនេះ បន្ទាប់ពីបុរសជនជាតិអង់គ្លេសខាងលើ បានដឹកនាំក្រុមយកឈ្នះលើក្រុម Reaches & Partners ដោយលទ្ធផល ៥-៣ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AIA Corporate Cup 2025 កាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីក្លាយជាជើងឯក និងទទួលបានសំបុត្រយន្ដហោះ ទៅប្រកួតពានរង្វាន់អន្ដរជាតិ នៅទីក្រុងឡុងដ៍ ក្នុងនាមក្រុមតំណាងកម្ពុជា នាពេលឆាប់ៗខាងមុខ ។
បុរសកើតនៅទីក្រុង Liverpool ដដែលបន្ដថា ការប្រកួតនេះ ទោះបីផ្ដោតលើក្រុមមិនអាជីព តែមានកីឡាករល្អៗច្រើនចូលរួម ហើយលោកពិតជារីករាយ ដែលឆ្នាំនេះ ក្រុមខ្លួនបានឈ្នះជើងឯក បន្ទាប់ពីបានត្រឹមជើងឯករង កាលពីឆ្នាំមុន ។ អ្វីដែលកាន់តែរំភើបទៀតនោះ គឺលោក និងក្រុមទាំងមូល ពិតជាសប្បាយរីករាយ ក្រោយបានក្លាយជាក្រុមតំណាងកម្ពុជា ទៅប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិ នៅចក្រភពអង់គ្លេស ហើយប្ដេជ្ញានឹងធ្វើឲ្យបានល្អ ដើម្បីដណ្ដើមពានមួយទៀត ។
លោក Matthew Allen បានបញ្ជាក់ថា «ឆ្នាំ២០២៥ គឺមានរយៈពេល ១០ឆ្នាំហើយ ដែលខ្ញុំបានមកធ្វើការនៅកម្ពុជា(សាលា CIA First) ។ ខ្ញុំស្រលាញ់ប្រទេសកម្ពុជា ស្រលាញ់វប្បធម៌កម្ពុជា ហើយខ្ញុំចង់បង្ហាញ និងផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ទីក្រុងឡុងដ៍ ។ មួយវិញទៀត ខ្ញុំនឹងធ្វើវីដេអូពិសេសមួយពីរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកកម្ពុជាកាន់តែច្រើន ហើយឆ្នាំក្រោយៗ ពួកយើងប្ដេជ្ញានឹងធ្វើឲ្យបានកាន់តែល្អថែមទៀត» ។
គួរដឹងថា ពានរង្វាន់AIA Corporate Cup 2025 ដែលសហការរៀបចំដោយក្លិប ISI ដង្កោសែនជ័យ បានដំណើរការប្រកួតរយៈពេល ២ខែមកហើយ ដោយមាន ២៨ក្រុមចូលរួម ។ សម្រាប់ក្រុមជើងឯក ក្នុងព្រឹត្តិការណ៍បាល់ទាត់លើទីលានខ្នាតតូចនេះ នឹងទទួលបានកៅអីចូលរួមប្រកួតជាមួយក្រុមតំណាងប្រទេសផ្សេងៗ នៅក្លិប Spurs ដែលរៀបចំដោយ AIA ខណៈក្រុមតំណាងកម្ពុជាឆ្នាំនេះ បានទៅក្រុមបាល់ទាត់ CIA First ៕