(តូរីន)៖ ខ្សែការពារអន្តរជាតិព័រទុយហ្គាល់ Renato Veiga ដែលត្រូវបានតោខៀវ Chelsea ទិញពីក្លិបស្វីស Basel ក្នុងតម្លៃ ១១.៨លានផោននោះ ត្រូវផ្លាស់ទៅលេងខ្ចីជើងនៅ Juventus រហូតចប់រដូវកាលឆ្នាំ២០២៤-២៥ នេះ។
កីឡាករវ័យទើបតែ ២១ឆ្នាំ ដែលបានចូលលេងក្នុងឈុតធំព័រទុយហ្គាល់បាន ៣លើកបង្ហាញខ្លួន ១៨ប្រកួតគ្រប់កម្មវិធីជាមួយ Chelsea ក្នុងនោះដែរ ចូលលេងបានតែ ១ដងប៉ុណ្ណោះនៅក្របខណ្ឌ Premier League មុនពេលត្រូវបញ្ជូនចេញជាលក្ខណៈខ្ចីជើងនៃក្របខណ្ឌ Serie A ប្រទេសអ៉ីតាលី។
ការខ្ចីជើងពាក់កណ្តាលរដូវកាលនេះដែរ សេះបង្កង់ Juventus នឹងត្រូវរ៉ាប់រងថ្លៃពលកម្មទាំងស្រុងរបស់ Veiga បូកបន្ថែមថ្លៃខ្ចីជើង ៦ខែនូវទឹកប្រាក់ប្រមាណ ៣.៨លានផោន ដោយគ្មានជម្រើសទិញដាច់នោះទេ។
ប្រភពជិតស្និទ្ធនឹងកីឡាករបានលួចបង្ហើបថា Viega ដែលលេងក្នុងតំបន់ការពារឆ្វេង នឹងត្រូវដាក់ឱ្យលេងក្នុងការពារកណ្តាលវិញនៅ Juventus។ កន្លងមករូបគេក៏ត្រូវបានក្លិបមកពីអាល្លឹម៉ង់ Borussia Dortmund ទាក់ទងដែរ ជាទីដែលគាត់ថា អាចនឹងមានកៅអីលេងនៅជម្រើសព័រទុយហ្គាល់ឡើងវិញ។
Juventus បច្ចុប្បន្នបានកំពុងឈរនៅលេខ៥ ក្នុងតារាងពិន្ទុលីគ Serie A ដែលជាតំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលឆ្នាំ២០២៥-២៦៕