(បរទេស)៖ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar បានព្រមព្រៀងក្នុងការរំលាយកិច្ចសន្យាជាមួយក្លិប Al-Hilal ដែលលេងនៅ Pro League របស់អារ៉ាប៊ីសាអូឌីតចាប់ពីថ្ងៃនេះតទៅ ដោយមានការឯកភាពគ្នាពីភាគីទាំងសងខាង។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែមករានេះថា កីឡាករវ័យ ៣២ឆ្នាំខាងលើ ដែលផ្លាស់ចេញពីក្លិបបារាំង Paris Saint Germain ទៅចូលរួមជាមួយ Al-Hilal ក្នុងតម្លៃប្រមាណ ៧៧.៦លានផោន កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ នោះ ទើបតែចូលលេងបាន ៧ប្រកួតប៉ុណ្ណោះ ដោយសារបញ្ហារបួសរាំរ៉ៃខ្លាំងពេក។
Neymar ដែលកំពុងកាន់កាប់កំណត់ត្រាផ្ទេរថ្លៃជាងគេលើលោកបច្ចុប្បន្ន ក្នុងរង្វង់ ២០០លានផោនពី FC Barcelona ទៅ PSG កាលឆ្នាំ២០១៧ ទើបតែចូលលេងបានតែ ២ប្រកួតប៉ុណ្ណោះរដូវកាលនេះ និងថ្មីៗនេះស្ទើរតែអង្គុយកៅអីបម្រុងផងដែរកាលខែវិច្ឆិកា ឆ្នាំ២០២៤។
មែនទែនទៅ Neymar នៅសល់កិច្ចសន្យាចាស់ជាមួយ Al-Hilal ប្រហែលជា ៧ខែទៀត ពីកិច្ចសន្យា ២ឆ្នាំ ដែលត្រូវបានគេរាយការណ៍មកថា ទទួលបានប្រាក់នឿយហត់ចំនួន ១២៩.២លានផោនផងដែរក្នុង ១ឆ្នាំ។ រូបគេបានឈ្នះពានលីគ Ligue 1 របស់បារាំងបាន ៥លើក មុនពេលចាកចេញពី PSG មកកាន់ទឹកដីមជ្ឈិមបូព៌ាដល់ពេលនេះ៕