(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងពិភាក្សាដើម្បីទទួលបាន TikTok ហើយថា លោកចង់ឃើញសង្គ្រាមដេញថ្លៃលើកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់ចិន។ យ៉ាងណា ជុំវិញព័ត៌មានលម្អិត Microsoft, TikTok ​និង ByteDance បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២៥។

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់អាមេរិកជាង ១៧០លាននាក់ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្រៅបណ្តាញមួយរយៈពេលខ្លី មុនពេលច្បាប់ដែលតម្រូវឱ្យម្ចាស់ក្រុមហ៊ុនចិន ByteDance លក់វាដោយសារហេតុផលសន្តិសុខជាតិ ឬប្រឈមនឹងការហាមឃាត់ចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ តែយ៉ាងណា បន្ទាប់ពី Trump ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាដើមសប្តាហ៍មុន បានចុះហត្ថលេខាលើបទបញ្ជប្រតិបត្តិដែលអនុញ្ញាតឱ្យមានការពន្យាពេល ៧៥ថ្ងៃបន្ថែមទៀតដើម្បីអនុវត្តច្បាប់។

គួរជម្រាបថា Trump បាននិយាយកាលពីសប្តាហ៍មុនថា លោកកំពុងពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុនធំៗ ជាច្រើនលើការទិញ TikTok ហើយទំនងជានឹងមានការសម្រេចចិត្តលើអនាគតរបស់កម្មវិធីដ៏ពេញនិយមក្នុងរយៈពេល ៣០ថ្ងៃខាងមុខ។ បន្ថែមពីនេះលោក Trump ក៏បានបើកផ្លូវឱ្យ CEO ក្រុមហ៊ុន Tesla លោក Elon Musk ក្នុងការទិញយកកម្មវិធី TikTok ផងដែល ប្រសិនបើមហាសេដ្ឋីរូបនេះ «ចង់ទិញ»៕