(បរទេស)៖ ជាការឆ្លើយតប ទៅនឹងការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ Donald Trump, តៃវ៉ាន់បានបញ្ជាក់ថា អាជីវកម្មផលិតផលពាក់កណ្តាលសម្រេច (semiconductor) រវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក គឺជាគំរូ «ឈ្នះ-ឈ្នះ»។ ការអះអាងនេះ បង្ហាញពីកម្រិតខ្ពស់នៃការបំពេញបន្ថែមរវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសនៅក្នុងវិស័យ semiconductor ដែលមានសារៈសំខាន់សម្រាប់ប្រជាជាតិទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

តៃវ៉ាន់គឺជាផ្ទះរបស់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់ដល់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកដូចជា Apple និង Nvidia ជាដើម។

យោងតាមរបាយការណ៍ចុះផ្សាយបានបង្ហាញថា លោក Trump បានប្រកាសនៅថ្ងៃចន្ទថា លោកគ្រោងនឹងដាក់ពន្ធថ្មីលើទំនិញនាំចូល​ដូចជា បន្ទះឈីប ឱសថ និងដែកថែប។ យ៉ាងណាក្នុងការឆ្លើយតបនឹងប្រកាសនេះ តៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ «តៃវ៉ាន់ និងសហរដ្ឋអាមេរិក និងឧស្សាហកម្មបច្ចេកវិទ្យាផ្សេងទៀត គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងចំពោះគ្នាទៅវិញទៅមក ជាពិសេសការឌីហ្សាញដោយសហរដ្ឋអាមេរិក, គំរូរោងចក្រតៃវ៉ាន់ ដែលបង្កើតជាគំរូអាជីវកម្មឈ្នះឈ្នះ សម្រាប់ឧស្សាហកម្មតៃវ៉ាន់ និងសហរដ្ឋអាមេរិក»។ ពោលគឺ ភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់តៃវ៉ាន់ក្នុងការផលិតគ្រឿងអេឡិចត្រូនិកផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដែលកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីពន្ធគយរបស់សហរដ្ឋអាមេរិក។

គួរជម្រាបថា បើទោះបីជាសំណើរបស់លោក Trump សម្រាប់ពន្ធអាចឈានដល់កម្រិតខ្ពស់រហូតដល់ ១០០% ក៏ដោយ ក៏មន្រ្តីរបស់តៃវ៉ាន់នៅតែមានសុទិដ្ឋិនិយមចំពោះភាពធន់នៃឧស្សាហកម្មរបស់ពួកគេ។ ក្រសួងសេដ្ឋកិច្ចរបស់តៃវ៉ាន់ បានសម្តែងការប្តេជ្ញាចិត្តក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសមភាគីសហរដ្ឋអាមេរិក ដើម្បីស្វែងរកបញ្ហាប្រឈមទាំងនេះប្រកបដោយប្រសិទ្ធភាព និងការពារផលប្រយោជន៍ឧស្សាហកម្មរបស់ប្រទេសទាំងពីរ៕