(សៀមរាប)៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ថ្មីៗនេះ ធនាគារ ខេប៊ីប្រាសាក់ បានរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីចូលរួមក្នុងការបង្កើនគម្របពណ៌បៃតង និងគាំទ្រដល់ការអភិរក្សតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់អង្គការយូណេស្កូ។

ព្រឹត្តិការណ៍នេះបានរៀបចំឡើងបន្ទាប់ពី ធនាគារ ខេប៊ីប្រាសាក់ បានបញ្ចប់កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំរបស់ខ្លួនប្រកបដោយជោគជ័យក្នុងការដាក់ចេញនូវទិសដៅផែនការយុទ្ធសាស្ត្រធុរកិច្ចឆ្នាំ២០២៥ ជាមួយនឹងកំណើនប្រកបដោយនិរន្តរភាព និងឧត្តមភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបជូនដល់អតិថិជន​ និងសាធារណជន។

ក្នុងនាមជាធនាគារធំមួយ និងមានស្ថិរភាពនៅកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាបន្តអនុវត្តសកម្មភាពការងារសង្គម ព្រមទាំងរួមចំណែកដល់ការអភិរក្សបរិស្ថាន និងបេតិកភណ្ឌវប្បធម៌របស់យើង។ យើងមានមោទនភាពក្នុងការសហការជាមួយអាជ្ញាធរជាតិអប្សរា ​ក្នុង​ការ​ការពារ​សម្រស់​ធម្មជាតិ​នៃតំបន់ប្រាសាទ​អង្គរ និង​ពង្រឹង​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​​ទំនួលខុសត្រូវ​សង្គម​របស់ស្ថាប័ន៕