(ឡុងដ៍)៖ សមាជិកលេងនៅ Premier League ដូចគ្នាគឺ Aston Villa បានទាត់ចោលសំណើពី Arsenal ក្នុងការសុំទិញខ្សែប្រយុទ្ធ Ollie Watkins ដែលកំពុងឡើងទម្រង់លេងខ្លាំងនៅកីឡដ្ឋាន Villa Park។

ប្រភពពី Aston បានលួចបង្ហើបប្រាប់ BBC ថ្ងៃនេះថា Arsenal បានដាក់តម្លៃប្រមាណ ៦០លានផោនក្នុងដំណាក់កាលដំបូង ដើម្បីចូលចែចូវខ្សែប្រយុទ្ធអង់គ្លេសខាងលើ នៅមុនពេលពួកគេបានយកឈ្នះគូប្រជែង Celtic ដើម្បីកក់កៅអីទៅវគ្គ ១៦ក្រុម UEFA Champions League 2024-25។

ក្នុងប្រកួតទី៨ ចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូលនោះដែរ កីឡាករវ័យ ២៩ឆ្នាំ Watkins ក៏ត្រូវបានលោក Unai Emery ដាក់លេងក្នុងជម្រើស ១១នាក់ដំបូង និងរកបានគ្រាប់ផងដែរ ទោះបានខកខានបាល់ ១១ម៉ែត្រក្នុងវគ្គទី២ ក៏ដោយ។

ថ្មីៗនេះដែរ Aston Villa ពុំមានបំណងអនុញ្ញាតឱ្យ Watkins ចាកចេញនោះទេ ជាពិសេសខ្សែប្រយុទ្ធ Jhon Duran ក៏ដូចគ្នា ដែលមានពាក្យចចាមអារ៉ាមថា ក្លិបមកពីអារ៉ាប៊ីសាអូឌីត Al Nassr ដែលមាន Cristiano Ronaldo ទាក់ទងចង់បាន។

គួរបញ្ជាក់ផងថា ទីផ្សារទិញ-ដូរកីឡាករនៅអង់គ្លេសសម្រាប់ខែមករា ឆ្នាំ២០២៥ នឹងបិទទ្វារវិញនាម៉ោង ១១យប់ថ្ងៃចន្ទសប្តាហ៍ក្រោយ៕