(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានស្នើឲ្យស្ថាប័នជំនាញ បន្ដយកចិត្តទុកដាក់លើការពង្រឹង និងអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកឲ្យបានកាន់តែខ្លាំង ពិសេសប្រភេទកីឡាជាក្រុម មានកីឡាបាល់ទាត់ និងបាល់ទះជាដើម ដើម្បីចូលរួមប្រជែងមេដាយលើឆាកអន្ដរជាតិ ជូនជាតិមាតុភូមិ និងសហព័ន្ធកីឡាជាតិ។
ការជំរុញនេះ ធ្វើឡើងក្នុងឱកាសលោកឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសស្ដីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យតាមសំណើររបស់ក្រសួងមហាផ្ទៃ ធ្វើការកែសម្រួលមាត្រា៤ ដើម្បីឲ្យស្របតាមស្ថានភាព និងភាពរីកចម្រើននៃវិស័យកីឡារបស់ក្រសួងមហាផ្ទៃ ក៏ដូចជាដើម្បីស្របតាមសមភាពជាក់ស្ដែងនៃរចនាសម្ព័ន្ធដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ឆ្លៀតឱកាសនោះដែរ លោកអភិសន្ដិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី រហូតសម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើរ ទាំងការប្រកួតលើឆាកជាតិ និងអន្ដរជាតិ ជាក់ស្ដែងភាពជោគជ័យក្នុងការប្រកួតកីឡាជាតិ លើកទី៤ កាលពីថ្មីៗ ដែលជាការវាស់ស្ទង់សមត្ថភាពមួយដ៏ល្អ សម្រាប់អត្តពលិកនៃក្រសួងមហាផ្ទៃ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅចូលរួមការប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ។
ជាមួយគ្នា លោកឧបនាយករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ណែនាំមួយចំនួន សម្រាប់ជាត្រីវិស័យក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡា ដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងនោះក្រុមប្រឹក្សាកីឡា ត្រូគិតគូវាយតម្លៃ និងធ្វើផែនការរួមមួយ សម្រាប់ជាទិសដៅដល់ការអនុវត្តការងារឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងនោះត្រូវបន្តការខិតខំកៀរគរស្វែងរកមូលនិធិ ថវិកា និងសម្ភារៈពីសប្បុរសជន ក្រុមហ៊ុន អង្គការនានា ដើម្បីបន្តនិរន្តរភាព និងធានាបាននូវការហ្វឹកហាត់របស់អត្តពលិក គ្រប់ប្រភេទកីឡាចំណុះក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធការងារនេះ លោកបានស្នើឲ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យលើផែនការអភិវឌ្ឍធនធានកីឡា តើត្រូវគ្នា ឬស៊ីចង្វាក់ជាមួយក្រសួងអប់រំហើយឬអត់? គោលដៅនៃការរៀបចំផែនការរួមនេះ គឺដើម្បីកាត់បន្ថយនូវចំណាយមួយចំនួនដែលមិនចាំបាច់ ជាពិសេសគឺតម្រង់ទិសលើប្រភេទកីឡាមួយចំនួន ដែលអាចឈានទៅដណ្ដើមមេដាយជូនជាតិ ក៏ដូចជាសហព័ន្ធកីឡាជាតិ។
លោកអភិសន្ដិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា «យើងដឹងហើយថា កីឡាមួយចំនួន ប្រទេសជិតខាងរបស់យើង បង្កើតឡើងតដើម្បីភាពទាក់ទាញ និងការចូលរួម ប៉ុន្ដែគោលបំណងរបស់យើង មិនមែនត្រឹមការប្រកួតកីឡា រវាងប្រទេស និងប្រទេសនោះទេ គោលដៅរបស់យើង គឺធ្វើម៉េចជំរុញប្រភេទកីឡាអូឡាំពិក ក្លាយជាប្រភេទកីឡាប្រចាំអាជីពរបស់បុគ្គលនីមួយៗនៅទីនេះ(ក្រសួងមហាផ្ទៃ) ពិសេសកីឡាជាក្រុម មានបាល់ទាត់ បាល់ទះជាដើម ដែលជាប្រភេទកីឡាយើងត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ និងជំរុញការហ្វឹកហាត់របស់យើងឲ្យត្រឹមត្រូវ និងស្របតាមទិសដៅផែនការរួមរបស់ក្រសួងអប់រំ»។
គួរដឹងថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គឺដឹកនាំដោយលោកអភិសន្តិបណ្ឌិត ស សុខា ជាប្រធាន គឺបានបង្ហាញពីគំនិតប្រាជ្ញាអភិវឌ្ឍន៍ និងទស្សនវិស័យវែងឆ្ងាយ ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡារបស់ក្រសួងមហាផ្ទៃ និងមានលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានទី១ ព្រមទាំងមានអគ្គលេខាធិការដ្ឋានមួយ ជាសេនាធិការ និងមាន ៥អង្គភាពចំណុះ ថ្នាក់ស្មើនាយកដ្ឋាន។ នេះបើតាមការបញ្ជាក់របស់លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ៕