(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Fearless Forecast 2025 របស់ក្រុមហ៊ុន CBRE Cambodia ផ្តល់នូវព័ត៌មានស៊ីជម្រៅអំពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារអចលនទ្រព្យកម្ពុជា ដោយបង្ហាញពីនិន្នាការសំខាន់ៗ បញ្ហាប្រឈម និងឱកាសនាពេលអនាគត។

តាមរយៈការធ្វើបទបង្ហាញដោយលោក Marc Townsend ប្រធានក្រុមប្រឹក្សាភិបាលរបស់ ក្រុមហ៊ុន CBRE Cambodia របាយការណ៍នេះ បានសិក្សាទៅលើអត្រានៃជួល តម្លៃជួល និងស្ថានភាពដំណើរការនៃវិស័យផ្សេងៗ ក៏ដូចបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងវិស័យសំណង់និងអចលនទ្រព្យដែលកំពុងវិវត្តនៅរាជធានីភ្នំពេញ។

ក្នុងព្រឹត្តិការណ៍នេះ លោក Marc Townsend បានធ្វើបង្ហាញទៅកាន់វិនិយោគិននិងអ្នកជំនួញដែលបានចួលរួម ដោយសង្កត់ធ្ងន់ថា ទោះបីជាមិនសូវមានការរីកចម្រើន នៅក្នុងវិស័យសំខាន់ៗក្តី ក៏ប៉ុន្តែលោកក៏មើលឃើញពីសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចទូទៅផងដែរ។

លោកបានថ្លែងថា «ថ្វីត្បិតវិស័យជាច្រើនមិនសូវមានសញ្ញាណកំណើន ប៉ុន្តែយើងឃើញមានកំណើនក្នុងការនាំចេញ-នាំចូលនិងការកើនឡើងនូវតម្រូវការ អចលនទ្រព្យខាងវិស័យឧស្សាហកម្ម ដែលនេះបង្ហាញពីសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចទូទៅ»

ចំណុចសបញក់ពីការរីកចម្រើនក្នុងវិស័យអចលនទ្រព្យដែលបម្រើដល់តម្រូវការខាងឧស្សាហកម្មរបស់កម្ពុជា ចំពេលដែលទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនិងលំនៅឋានជួបការលំបាក។

បរិបទខាងក្រៅ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា រួមនឹងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនិងសកម្មភាពពាណិជ្ជកម្ម បានជម្រុញឱ្យមាននូវកំណើនតម្រូវការលើទីតាំងសម្រាប់ឧស្សាហកម្ម ដែលជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍និងអ្នកវិនិយោគនៅក្នុងវិស័យនេះ។

បញ្ហាប្រឈមសំខាន់ៗ៖
១៖ តម្រូវការថមថយក្នុងវិស័យអចលនទ្រព្យពាណិជ្ជកម្ម៖ វិស័យអគារការិយាល័យនិងផ្សារទំនើបបាននិងកំពុងជួបប្រទះការថមថយនូវតម្រូវការគួរឱ្យកត់សម្គាល់។ វិស័យអគារការិយាល័យមានអត្រានៃការជួលប្រមាណ៦៥.១% ខណៈដែលអត្រានៃការជួលជាមធ្យមសម្រាប់ផ្សារទំនើបគឺមានប្រមាណ៦១.៨% គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤។

កង្វល់ទៅលើការចំណាយ ជាកត្តាមួយក្នុងចំណោមកត្តានានាដែលរួមចំណែកដល់ការធ្លាក់ចុះនៃតម្រូវការ ការិយាល័យ ខណៈដែលវិស័យផ្សារទំនើបបន្តប្រឈមមុខ នឹងការប្រកួតប្រជែងពីការផ្គត់ផ្គង់លើសតម្រូវការ ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) និងការប្រកួតប្រជែងជាមួយនឹងទីតាំងនៅក្រៅផ្សារទំនើប (Standalone) ។

២៖ វិស័យសំណង់មិនទាន់ងើបឡើងវិញលឿនរហ័ស៖ ទីផ្សារវិស័យសំណង់កំពុងស្ថិតក្នុងដំណាក់កាលស្តារឡើងវិញបន្ទាប់ពីវិបត្តិនៃជំងឺរីករាលដាល ជាមួយនឹងការថយចុះប្រមាណ ៨.៨% នៃចំនួនគម្រោងសំណង់ថ្មីដែលបានអនុម័តរវាងឆ្នាំ២០២៣ ធៀបនឹង២០២៤។

ទន្ទឹមនឹងនោះ ចំនួនគម្រោងដែលផ្អាកការសាងសង់ ក្នុងរាជធានីភ្នំពេញបានកើនឡើងប្រមាណ៦.៣% ជាសញ្ញាបង្ហាញថា អ្នកអភិវឌ្ឍន៍កំពុងគិតគូរដោយប្រុងប្រយ័ត្នជាងមុន ។ ទំហំវិនិយោគសរុបលើវិស័យសំណង់នៅតែទាបជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ ដោយក្នុងនោះគម្រោងភាគច្រើនជាគម្រោងសំនង់សាធារណៈនិងលំនៅឋាន និងម្យ៉ាងអ្នកអភិវឌ្ឍន៍កំពុងផ្តោតលើការបញ្ចប់គម្រោងដែលមានស្រាប់ជាជាងចាប់ផ្តើមគម្រោងថ្មី។

៣៖ ការធ្លាក់ចុះនៃការបើកគម្រោងថ្មីសម្រាប់គម្រោងពាណិជ្ជកម្មនិងលំនៅឋាន៖ ការបើកលក់គម្រោងលំនៅឋានថ្មីរួមមានខុនដូនិងបុរី បានថយចុះបើធៀបនឹងកំឡុងឆ្នាំ២០១៩ ដែលមានគម្រោងបើកថ្មីច្រើន។ ចំនួនគម្រោងថ្មីចូលទីផ្សារក្នុងមួយឆ្នាមានតិចជាងមុន ដែលនេះបង្ហាញពីស្ថានភាពទីផ្សារនិងភាពប្រុងប្រយ័ត្នជាងមុនពីសំណាក់អ្នកអភិវឌ្ឍន៍ ។ ដូចគ្នានេះដែរ ចំនួននៃការបញ្ចប់គម្រោងអគារពាណិជ្ជកម្ម រួមមានអគារការិយាល័យនិងផ្សារទំនើបបានថយចុះផង ដែលនេះឆ្លុះបញ្ចាំងពីភាពស្រពេចស្រពិល ពីទីផ្សារក្នុងចំណោមវិនិយោគិននិងអ្នកអភិវឌ្ឍន៍។

ឱកាសសម្រាប់ការរីកចម្រើន៖
១៖ នគរូបនីយកម្មនិងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៖ រាជធានីភ្នំពេញនៅតែបន្តមានកំណើនគរូបនីយកម្ម ដោយស្តែង រាជធានីភ្នំពេញវិវឌ្ឍន៍ពីឆ្នាំ២០០៦ ដែលមានខណ្ឌចំនួន៧ មកដល់ឆ្នាំ២០២០ និងបច្ចុប្បន្នដែលមានខណ្ឌចំនួន១៤ និងផ្ទៃដីប្រមាណ៦៩២.៤៦គីឡូម៉ែត្រការ៉េ។ កំណើននេះ ជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់តម្រូវការអចលនវត្ថុរយៈពេលវែង ដោយរដ្ឋាភិបាលធ្លាប់ព្យាករណ៍ថាចំនួនប្រជាជនក្នុងទីក្រុងភ្នំពេញនឹងកើនឡើងដល់ប្រមាណ៦លាននាក់នៅឆ្នាំ២០៣៥។ វឌ្ឍនភាពនេះជាឱកាសល្អ សម្រាប់ទ្រទ្រង់កំណើនអចលនទ្រព្យនាពេលអនាគត ជាពិសេសក្នុងវិស័យលំនៅឋាននិងពាណិជ្ជកម្ម។

២៖ ភាពរឹងមាំក្នុងវិស័យបដិសណ្ឋារកិច្ច៖ បើទោះបីជាបានជួបបញ្ហាយ៉ាងណាក៏ដោយ វិស័យបដិសណ្ឋារកិច្ចនៅតែអចរក្សានូវស្ថានភាពវិជ្ជមាន ដោយជាក់ស្តែងមានយីហោសណ្ឋាគារ និងលំនៅឋានអន្តរជាតិល្បីជាច្រើនបាននឹងកំពុងចូលទីផ្សារកម្ពុជាដូចជា Novotel, Ascott, Hyatt Regency, The Ritz-Carlton និង Wyndham Hotels ជាដើម ។ ប្រការនេះ គឺឆ្លុះបញ្ចាំងពីទំនុកចិត្តលើសក្តានុពលទេសចរណ៍នៅកម្ពុជា ដែលជាសញ្ញាថាទីផ្សារបដិសណ្ឋារកិច្ចទំនងជានឹងងើបឡើងវិញ ជាពិសេសការជឿជាក់ថា កម្ពុជានឹងទាក់ទាញអ្នកជំនួញអន្តរជាតិ និងភ្ញៀវទេសចរណ៍មកកម្សាន្តឱ្យបានកាន់តែច្រើន។

៣៖ ការទាក់ទាញការវិនិយោគអន្តរជាតិ៖ ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែមានភាតទាក់ទាញពីសំណាក់អ្នកវិនិយោគបរទេស ជាពិសេសមកពីប្រទេសចិន កូរ៉េ និងជប៉ុន ដោយអចនទ្រព្យនៅកម្ពុជានៅមានតម្លៃសមរម្យបើធៀបនឹងបណ្តាប្រទេសដទសនិងម្យ៉ាងទៀតសេដ្ឋកិច្ចកម្ពុជាមានកំណើនល្អ ។ ទោះបីជាវិស័យខ្លះមានការប៉ះពាល់ក៏ដោយ ការវិនិយោគបរទេសក្នុងវិស័យសណ្ឋាគារនិងអចលនទ្រព្យលំនៅឋាន នៅតែមានភាពរឹងមាំនិងជាកត្តាជម្រុញពីកំណើនសម្រាប់ទីផ្សារអចលនទ្រព្យ ។

អនុសាសន៍៖

* សម្រាប់អ្នកអភិវឌ្ឍន៍៖ គួរតែផ្តោតយុទ្ធសាស្ត្រលើគម្រោងតម្លៃសមរម្យនិងផ្អែកទៅតាមតម្រូវការ ទន្ទឹមនឹកការបញ្ចប់គម្រោងដែលកំពុងមានជាជាងចាប់ផ្តើមគម្រោងថ្មី។ ការផ្តោតលើការផ្តល់ជូនលំនៅឋានដែលមានជំហរទីផ្សារត្រឹមត្រូវឬ មានភាពប្លែកពីគេនៅតែមានទីផ្សារ ជាពិសេសសម្រាប់ទីផ្សារខុនដូដែលកំពុងមានការប្រកួតប្រជែងខ្ពស់ ហើយគួរសម្លឹងលើការពង្រីកទៅកាន់ទីផ្សារអចលនទ្រព្យឧស្សាហកម្ម ដើម្បីស្របនឹងកំណើនឧស្សាហកម្មបច្ចុប្បន្ន ។

* សម្រាប់អ្នកវិនិយោគ៖ គួរផ្តោតលើគម្រោងទេសចរណ៍និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញនិងទីក្រុងសំខាន់ៗផ្សេងទៀត ដែលទំនងជានឹងមានតម្រូវការនាពេលខាងមុខ ។ សម្រាប់អចលនទ្រព្យពាណិជ្ជកម្ម ការបង្វែ មុខងារអចលនទ្រព្យអាចជាជម្រើស ដើម្បីបំពេញតាមតម្រូវការនិងស្របទៅតាមបរិបទផ្លាស់ប្តូររបស់ទីផ្សារ ។

* សម្រាប់អ្នកធ្វើគោលនយោបាយ៖ គួរបន្តផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងនគរូបនីយកម្ម បង្កើតបរិយាកាសដែលជំរុញដល់ការវិនិយោគនិងកំណើនសេដ្ឋកិច្ច ។ ការសម្រួលបទប្បញ្ញត្តិនិងដោះស្រាយបញ្ហាប្រឈមនានា ដូចជា កង្វះកម្លាំងពលកម្ម ការពន្យាពេលក្នុងការសាងសង់ ជាអាទិ៍នឹងមានសារៈសំខាន់ក្នុងការរក្សាទំនុកចិត្តរបស់វិនិយោគិន ។
ទស្សនវិស័យសម្រាប់ឆ្នាំ២០២៥ និងតទៅមុខទៀត៖

ទោះបីជាមានបញ្ហាប្រឈមនាពេលបច្ចុប្បន្នក៏ដោយ របាយការណ៍ Fearless Forecast 2025 បានផ្តល់នូវទស្សនៈទានវិជ្ជមានប៉ុន្តែតោងប្រុងប្រយ័ត្នសម្រាប់ទីផ្សារអចលនទ្រព្យ ។ ទោះបីជាតំម្រូវការរយៈពេលខ្លីនៅតែមានកម្រិត តែឱកាសកំណើនរយៈពេលវែងនៅតែមាន ដែលជំរុញដោយនគរូបនីយកម្ម ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគអន្តរជាតិ ប្រកបដោយនិរន្តរភាព ។ អ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ និងអ្នកបង្កើតគោលនយោបាយនឹងត្រូវសហការគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីសម្របខ្លួនទៅនឹងទីផ្សារដែលកំពុងវិវត្តទៅមុខ និងធានាអោយបាននូវភាពជោគជ័យជាបន្តបន្ទាប់នៃវិស័យអចលនទ្រព្យកម្ពុជា។

សរុបសេចក្តីមក ខណៈពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាជួបប្រទះនឹងបញ្ហាប្រឈម ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងលំនៅឋាន ទស្សនវិស័យរយៈពេលវែង នៅតែមានភាពវិជ្ជមាន ដោយសារគាំទ្រដោយកំណើនប្រជាជន សក្តានុពលអភិវឌ្ឍន៍ក្រុង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគអន្តរជាតិ៕