(បរទេស)៖ របាយការណ៍ពី Counterpoint Research បានបង្ហាញថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ដែលធ្លាប់តែជាក្រុមហ៊ុនលេចធ្លោនៅក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌា ឥឡូវនេះត្រូវបានរុញទម្លាក់ដោយក្រុមហ៊ុនចិន Vivo ដោយធ្លាក់មកឈរនៅលេខរៀងទី៣ និងកាន់កាប់ចំណែកទីផ្សារ ១៦%ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
យោងតាមតារាងទិន្នន័យរបស់ Counterpoint បង្ហាញថា ក្រុមហ៊ុនចិន Vivo ឈរនៅលេខរៀងកំពូលនាំមុខគេក្នុងទីផ្សារស្មាតហ្វូនឥណ្ឌា ជាមួយនឹងចំណែកទីផ្សារ ១៩%, Xiomi ឈរនៅលេខរៀងទី២ កាន់កាប់ ១៧%, Samsung ឈរនៅលេខរៀងទី៣ កាន់កាប់ ១៦%, Oppo មានចំណែក ១៥%, Realme មានចំណែក ១១% និងក្រុមហ៊ុនផ្សេងៗទៀតសរុបកាន់កាប់ចំណែកទីផ្សារ ២០%។ យ៉ាងណាមិញ ការលក់កើនឡើងខ្លាំងបែបនេះរបស់ Vivo គឺដោយសារការលក់រាយក្រៅបណ្តាញរឹងមាំ និងម៉ូដែល IQOO របស់ខ្លួន។ ដោយឡែក Xiaomi វិញគឺដោយសារស្មាតហ្វូនតម្លៃមធ្យមរបស់ខ្លួន ខណៈដែល Samsung ផ្តោតលើស្មាតហ្វូនតម្លៃខ្ពស់ត្រកូល Galaxy S ជាជាងតម្លៃមធ្យម។
របាយការណ៍បានគូសបញ្ជាក់ថា បើប្រៀបធៀបទៅនឹងស្មាតហ្វូនតម្លៃខ្ពស់ Samsung ក៏ត្រូវបានគេមើលឃើញថាតាមពីក្រោយក្រុមហ៊ុនយក្ស Apple ផងដែរ ខណៈ Apple បានរក្សាតំណែងជាអ្នកនាំមុខទីផ្សារ ដោយ iPhone 15 គឺជាឧបករណ៍ដែលដឹកជញ្ជូនច្រើនជាងគេបំផុតនៅក្នុងត្រីមាសទី ឆ្នាំ២០២៤ ដែលពង្រឹងភាពលេចធ្លោរបស់ក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌា។
គួរជម្រាបថា នៅក្នុងឆ្នាំ២០២៤ នេះស្មាតហ្វូនដែលបានដាក់លក់ប្រហែល ៧៨% នៅក្នុងប្រទេសឥណ្ឌា សុទ្ធតែស្មាតហ្វូនដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យា 5G ពោលគឺសុទ្ធសឹងតែស្មាតហ្វូនដែលមានតម្លៃជាង ៣០០ដុល្លារក្រាស់ឡើងទៅ៕