(ឡុងដ៍)៖ គូប្រជែងនៅ Premier League គឺ Aston Villa កាន់តែប្រកៀកក្នុងការយកបានខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលឆ្នាំ២០២៤-២៥ ពីក្លិបបិសាចក្រហម Manchester United។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអាទិត្យនេះថា Aston Villa កាន់តែខិតជិតក្នុងការនាំយក Rashford មករួមក្រុម មុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារវិញនៅរាត្រីថ្ងៃចន្ទសប្តាហ៍ក្រោយ គ្រាដែលការពិភាក្សាគ្នាបានឈានដល់ដំណាក់កាលចុងក្រោយផងដែរ។

កីឡាករចេញពីយុវជនថ្នាល United វ័យ ២៧ឆ្នាំរូបនេះ មិនត្រូវបានគ្រូបង្វឹកថ្មី លោក Ruben Amorim ដាក់ចូលលេងឡើយ គិតចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ មក។

នៅចាំបានថា Rashford បានមកចូលរួមជាមួយបិសាចក្រហមតាំងពីគេអាយុទើប ៧ឆ្នាំ ដោយចូលលេងបានជាង ៤០០ប្រកួត និងឈ្នះពាន UEFA Europa League, FA Cup ២លើក និងពាន League Cup ២ដងផងដែរ តាមរយៈរកគ្រាប់បំប៉ោងសំណាញ់ទីសរុប ១៣៨គ្រាប់ ដែលបានលេងល្អបំផុតនារដូវកាលឆ្នាំ២០២២-២០២៣ ដោយស៊ុតបញ្ចូលទីបាន ៣០គ្រាប់សរុបក្នុង ១រដូវកាល៕