(ភ្នំពេញ)៖ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ចំពោះកំណើនអត្តពលិកទ្វេដង ដែលបានចូលរួមប្រកួតព្រឹត្តិការណ៍ភ្នំពេញអន្ដរជាតិអាគ័រត្លុង លើកទី៣ ឆ្នាំ២០២៥ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

មន្ដ្រីជំនាញសហព័ន្ធខាងលើ បន្ដថា ការប្រកួតក្របខណ្ឌមហាជន និងសិស្សសាលានេះ មានការខុសប្លែកខ្លាំងពីឆ្នាំមុន ដែលមានអ្នកចូលរួមត្រឹមជាង ២០០នាក់ តែឆ្នាំនេះ បានកើនដល់ជាង ៤០០នាក់ ។ និយាយពីបច្ចេកទេសវិញ សម្រាប់កីឡាករ-កីឡាការិនីវ័យក្មេង ដែលឆ្នាំមុន មិនសូវចេះហែលទឹក ពួកគេបានបន្ដចូលរួមឆ្នាំនេះ ជាមួយការប្រែប្រួល និងរីកចម្រើនគួរឲ្យកត់សម្គាល់នូវបច្ចេកទេសហែលទឹក និងរត់របស់ពួកគេ ។

លោកបន្ដថា «សម្រាប់ខ្ញុំផ្ទាល់ ក្នុងនាមសហព័ន្ធ គឺមានការភ្ញាក់ផ្អើលមែនទែន ចំពោះការប្រកួតភ្នំពេញអន្ដរជាតិអាគ័រត្លុងឆ្នាំនេះ ទី១-មានការចូលរួមច្រើនរបស់អត្តពលិកជាតិ-អន្ដរជាតិ ក្នុងនោះមានអត្តពលិកខ្មែរ មកពីសាលាផ្សេងៗ និងមហាជនចំនួន ១៨០នាក់ និងបរទេសជាង ២០០នាក់ ។ តួរលេខនេះ គឺមានការកើនឡើងខ្លាំង គួរជាទីមោទន។ យើងមិននឹកស្មានថា ការចូលរួមឆ្នាំនេះ មានការផុសផុលមែនទែន» ។

តាមរយៈកំណើនអ្នកចូលរួមការប្រកួតអាគ័រត្លុង ដែលផ្ដោតលើហែលទឹក និងរត់នេះ គឺជាសញ្ញាណមួយដ៏ល្អ ក្នុងការផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យកីឡាទ្រីយ៉ាត្លុងកម្ពុជា ដ្បិតអាគ័រត្លុង(ហែលទឹក+រត់) គឺជាវិញ្ញាសាមួយក្នុងកីឡាទ្រីយ៉ាត្លុង(ហែលទឹក+ជិះកង់+រត់) ហើយក៏សបញ្ជាក់ឲ្យឃើញពីការគិតគូរ និងយកចិត្តទុកដាក់ ចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះអ្នកអាចលេងកីឡានេះបាន គឺជាមនុស្សដ៏ខ្លាំងពូកែ ដែលមានសុខភាពល្អ និងកាយសម្បទាមាំមួនផងដែរ ។

លោក ងិន សុបញ្ញា បន្ថែមទៀតថា ដោយសារការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំ ទទួលបានការគាំទ្រកាន់តែច្រើន សហព័ន្ធគ្រោងនឹងបន្ដរៀបចំព្រឹត្តិការណ៍នេះរៀងរាល់ឆ្នាំ ជាមួយគោលដៅពង្រីកការរៀបចំឲ្យកាន់តែធំ និងពង្រីកថ្ងៃប្រកួតឲ្យកាន់តែច្រើន ដើម្បីទាក់ទាញការចូលរួមកាន់តែច្រើន ។ ក្រៅពីរៀបចំនៅភ្នំពេញ សហព័ន្ធក៏នឹងពិចារណាពង្រីកការរៀបចំព្រឹត្តិការណ៍នេះ ទៅកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាបទៀតផង ៕