(ភ្នំពេញ)៖ រយៈពេលប៉ុន្មានឆ្នាំនេះ ប្រជាជននៅតែនិយមក្នុងការរកស៊ីទិញលក់ដីធ្លី និងផ្ទះ ដែលជាជំនួញមួយដែល
ផ្តល់ប្រាក់ចំណេញជាច្រើនដល់អ្នកប្រកបរបរនេះ ហើយរបរនេះតែងតែមានគោលការណ៍លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ជាមួយគ្នានេះ ជនខិលខូចមួយចំនួនក៏ឆ្លៀតឱកាសក្នុងការកេងចំណេញតាមរយៈការឆបោក និងលក់អចលនវត្ថុរបស់អ្នកដទៃ ។ ជាទូទៅ ប្រជាពលរដ្ឋតែងតែយល់ឃើញថា អំពើលួច សំដៅតែទៅលើលួចលុយ ទូរស័ព្ទ និងរបស់មានតម្លៃផ្សេងៗតាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទិ្ធរបស់ខ្លួន ។

ដូចនេះ ក្នុងករណីបុគ្គលណាម្នាក់បានលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួនទៅឱ្យបុគ្គលម្នាក់ទៀត តើករណីលួចលក់អចលនវត្ថុរបស់អ្នកដទៃត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌដែរ ឬទេ? ហើយបទល្មើសនេះត្រូវបានកំណត់ និង ផ្តន្ទាទោសដោយច្បាប់ណាមួយនៃកម្ពុជា?

ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី “ការលួចលក់អចលនវត្ថុរបស់អ្នកដទៃ” មកធ្វើការចែករំលែកជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម។

កន្លងមកបងប្អូនបានស្វែងយល់អំពីនិយមន័យ និងការផ្តន្ទាទោសនៃបទលួច ក៏ដូចជាបទលួចដោយមានស្ថានទម្ងន់ទោសរួចមកហើយ ដែលបទល្មើសនេះមានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែបទលួចលក់អចលនវត្ថុរបស់អ្នកដទៃ គឺមិនមានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌនោះទេ ដោយបទល្មើសនេះត្រូវបានកំណត់ និងផ្តន្ទាទោសដោយច្បាប់ភូមិបាល ឆ្នាំ២០០១ នៃព្រះរាជាណាចក្រកម្ពុជា ។ ដូចនេះក្នុងករណីជនណាដែលលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួនទៅឱ្យជនដទៃ ជននោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដែលជាបទល្មើស និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ៣ (បី) ឆ្នាំ ដោយមិនគិតដល់ព្យសនកម្មដែលបណ្ដាលមកពីអំពើរបស់ជននោះទេ ដែល មានបញ្ញត្តិនៅក្នុងមាត្រា ២៥៥ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ។

ឧទាហរណ៍៖ លោក (ក) បានយកដីធ្លីរបស់លោក (ខ) ដែលជាមិត្តភក្តិ ទៅលក់ឱ្យលោក (គ) ដោយគ្មានការឯកភាពណាមួយពីលោក (ខ) នោះទេ ។ អំពើដែលលោក (ក) ប្រព្រឹត្តនេះ គឺជាអំពើខុសច្បាប់ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសំណងនានាដល់ភាគីរងគ្រោះផងដែរ ។

សរុបមក ការលួចលក់អចលនវត្ថុរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួនទៅឱ្យបុគ្គលម្នាក់ទៀត គឺជាបទល្មើស និងត្រូវបានផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៥៥ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក លី លីនដូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិ  បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕