(ភ្នំពេញ)៖ ប្រធានថ្មី នៃគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) នឹងត្រូវដោះស្រាយសមីការជាច្រើន ពិសេសត្រូវប្រឈមមុខជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដូចជាការទាញរុស្ស៊ី ចូលក្នុងការប្រកួតកីឡាអូឡាំពិកវិញជាដើម។ នេះបើតាមការគូសបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រាដែល IOC ត្រៀមរៀបចំមហាសន្និបាតលើកទី១៤៤ ដើម្បីជ្រើសរើសប្រធានថ្មីនាថ្ងៃទី១៨-២១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅប្រទេសក្រិក។

ប៉ុន្មានថ្ងៃមកនេះ ពិភពលោកបានផ្ដោតការចាប់អារម្មណ៍ព្រឹត្តិការណ៍ ការត្រៀមផ្លាស់ប្ដូរថ្នាក់ដឹកនាំកំពូលរបស់ចលនាអូឡាំពិកពិភពលោក បន្ទាប់ពីប្រធានចាស់ លោក Thomas Bach បានចប់អាណត្តិរបស់ខ្លួន ក្រោយដឹកនាំអស់រយៈពេល ១២ឆ្នាំ (អាណត្តិប្រធាន IOC មានរយៈពេល ៨ឆ្នាំ + ៤ឆ្នាំ) ដើម្បីជ្រើសរើសប្រធានថ្មី មកគ្រប់គ្រងដឹកនាំចលនាអូឡាំពិកពិភពលោក នាថ្ងៃទី២០ ខែមីនាខាងមុខ ដោយមានឥស្សរជនជាន់ខ្ពស់ ៧រូប បានឈរឈ្មោះប្រជែង ស្របពេលោក Thomas Bach មិនមានសិទ្ធិឈរឈ្មោះទៀតឡើយ។

បេក្ខជន ៧រូបដែលឈរឈ្មោះរួមមាន៖ ១-ព្រះអង្គម្ចាស់ហ្សក់ដានី Feisal Al Hussein ប្រធាន NOC ហ្សក់ដានី និងសមាជិកប្រតិបត្តិក្រុមប្រឹក្សា OCA។ ២-លោក Juan Antonio Samaranch Jr. សមាជិក NOC អេស្ប៉ាញ និងជាកូនប្រុសអតីតប្រធាន IOC លោក Juan Antonio Samaranch។ ៣-លោក Morinari Watanabe (ជប៉ុន) សមាជិក IOC និងជាប្រធានសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិ។ ៤-លោក David Lappartient ប្រធានសហភាពកីឡាទោចក្រយានអន្តរជាតិ (UCI) និងជាប្រធាន NOC បារាំង។ ៥-លោកស្រី Kirsty Coventry (ស៊ីមបាវ៉េ) សមាជិក IOC និងជារដ្ឋមន្ត្រីក្រសួងយុវជន កីឡា សិល្បៈ និងទេសចរណ៍ និងជាអតីតម្ចាស់មេដាយអូឡាំពិកប្រភេទកីឡាហែលទឹក។ ៦- លោក Johan Eliasch (ស៊ុយអែត-អង់គ្លេស) សមាជិក IOC និងជាប្រធានសហព័ន្ធកីឡាស្គីអន្តរជាតិ និង ៧-លោក Sebastian Coe (អង់គ្លេស) សមាជិក IOC និងជាប្រធានកីឡាអត្តពលកម្មពិភពលោក។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា នេះជាប្រវត្តិសាស្ដ្រហើយ ដែលមានឥស្សរជនជាន់ខ្ពស់រហូតដល់ ៧រូប ឈរឈ្មោះប្រជែងតំណែងប្រធាន IOC ដ្បិតកន្លងមកមានបេក្ខជនយ៉ាងច្រើន ៣នាក់ប៉ុណ្ណោះ។ ក្នុងនាមប្រទេសសមាជិក លោកគាំទ្រនូវការគោរពទៅតាមធម្មនុញ្ញរបស់អូឡាំពិកអន្ដរជាតិយ៉ាងខ្ជាប់ខ្ជួន និងបង្ហាញនូវសុទិដ្ឋិនិយម ចំពោះដំណើរការរៀបចំមហាសន្និបាតជ្រើសរើសប្រធានថ្មីនាពេលឆាប់ៗខាងមុខ ដែលសុទ្ធតែជាបុគ្គលខ្លាំងៗពូកែ។ ទោះបីក្នុងចំណោមបេក្ខភាពឈរឈ្មោះ សុទ្ធតែបុគ្គលខ្លាំងពូកែ និងមានប្រជាប្រិយភាព ហើយអ្នកខ្លះ ធ្លាប់ឈ្នះមេដាយអូឡាំពិកក្ដី ប៉ុន្ដែអ្វីៗស្ថិតលើសន្លឹកឆ្នោត ១១០សន្លឹក ដែលសមាជិក IOC នឹងត្រូវបោះឆ្នោតគាំទ្រ ក្នុងនោះក៏មានតំណាងតំបន់អាស៊ីអាគ្នេយ៍ ២នាក់ ចូលរួមបោះឆ្នោតផងដែរ។

ទន្ទឹមជាមួយគ្នា អ្វីដែលគួរឲ្យចាប់អារម្មណ៍ ហើយបណ្ដាប្រទេសសមាជិកចង់ដឹងនោះ គឺឥស្សរជន ឬប្រធានថ្មី IOC នឹងត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? ស្របពេលមានសមីការជាច្រើន ត្រូវបានដាក់ឲ្យប្រធានថ្មី មុនការបោះឆ្នោតមកដល់។ លោកបន្ដថា «បញ្ហាប្រឈម ដែលសមាជិកចលនាអូឡាំពិកអន្ដរជាតិចង់ដឹង ទី១-ការប្រឈមមុខជាមួយ ដូណាល់ ត្រាំ សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៨ នៅរដ្ឋ Los Angeles។ ចាំមើលតើប្រធានថ្មី គាត់នឹងធ្វើការជាមួយ ត្រាំ យ៉ាងម៉េច? តើ ដូណាល់ ត្រាំ គាត់នឹងមានភាពអស្ចារ្យអ្វីផ្សេងទៀត? អ៊ីចឹងប្រធានថ្មី គាត់ត្រូវប្រឈមមុខច្រើន ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសមត្ថភាពរបស់ចលនាអូឡាំពិក ៤ឆ្នាំម្ដងនេះ»

លើសពីនេះ អាណត្តិក្រោយ មេដឹកនាំ IOC នឹងត្រូវរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ ២ដង និងរដូវរងា ២ដង ពោលគឺត្រូវធ្វើការជាមួយអាមេរិកផង និងអូស្ដ្រាលី នាឆ្នាំ២០៣២ ផង។ កិច្ចការនេះ គឺជាស្ថានភាពមួយ ដែលជាពេលវេលាចលនាអូឡាំពិក ត្រូវស្ដារប្រជាប្រិយភាព និងស្ដារគុណភាពនៃការរៀបចំឡើងវិញ បន្ទាប់ពីរងវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យចលនាអូឡាំពិកមានបញ្ហា និងប៉ះពាល់ដល់ការគ្រប់គ្រងដឹកនាំ។ មួយវិញទៀត គឺការប្រកួតប្រជែង លើការស្វែងរកប្រាក់ចំណូល ឧទាហរណ៍ គោលការណ៍ ៤ឆ្នាំម្ដង (២០២០-២០២៤) គេរកបានចំណូល ៦.៧ប៊ីលានដុល្លារ ដើម្បីជួយដល់ចលនាអូឡាំពិក។ ដូច្នេះប្រធានថ្មី ក៏ត្រូវប្រកួតប្រជែងក្នុងការស្វែងរកចំណូលឲ្យបានច្រើន ឬយ៉ាងហោចប្រហាក់ប្រហែលដែរ។

មន្ដ្រីជាន់ខ្ពស់ចលនាអូឡាំពិកកម្ពុជាដដែលបន្ដថា អ្វីដែលសំខាន់មួយទៀត គឺការស្វែងរកសុខសន្ដិភាពរបស់ពិភពលោក ស្របតាមទ្រឹស្ដីអូឡាំពិក «កីឡានាំមកនូវសន្ដិភាព»។ ក្នុងនាមដៃគូរបស់អង្គការសហប្រជាជាតិ IOC តែងគាំទ្រនូវចលនាស្វែងរកសន្ដិភាពពិភពលោក ដោះស្រាយវិវាទ និងជម្លោះផ្សេងៗ។ នេះគឺជាកាតព្វកិច្ចរបស់ប្រធានថ្មី ត្រូវប្រកួតប្រជែង ហើយត្រូវបំពេញការងារនេះឲ្យបានល្អ ដើម្បីធានាការលុបបំបាត់ឲ្យបាននូវការរើសអើង ក៏ដូចជាបញ្ហាសង្គ្រាម ហើយអូសទាញប្រទេសធំៗ ចូលរួមការប្រកួតកីឡាអូឡាំពិកវិញឲ្យបាន ពិសេសគឺប្រទេសរុស្ស៊ីតែម្ដង។

លោកបានសង្កត់ធ្ងន់ថា «គេបានដាក់សមីការឲ្យប្រធានថ្មី អ្នកឯងត្រូវតែធ្វើម៉េចទាញរុស្ស៊ីចូលវិញ? ដូច្នេះសមីការហ្នឹង គាត់ត្រូវតែធ្វើម៉េចបញ្ចុះបញ្ចូល ឬការរៀបចំស្ថានភាពយ៉ាងម៉េចឲ្យខាងកីឡារុស្ស៊ី ដែលជាប្រទេសមួយ មានកីឡាល្បីល្បាញ មានបច្ចេកទេសល្អ ខ្លាំងពូកែ ឲ្យចូលមកក្នុងការប្រកួតកីឡាអូឡាំពិកជាផ្លូវការវិញ បន្ទាប់ពីការប្រកួតអូឡាំពិក ៣លើកចុងក្រោយ រុស្ស៊ី អត់បានចូលរួមទេ តាំងពីឆ្នាំ២០១៦ និងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ គឺចូលបានតែកីឡាករឯកត្ដជនមានន័យថា ចូលដោយឯករាជ្យ មិនចូលចំណុះរបស់ប្រទេស ដោយសារតែបញ្ហារឿង Doping និងបញ្ហានយោបាយ។ អ៊ីចឹងប្រធានថ្មី គេប្រាប់គាត់ថា បើជាប់ហើយ ត្រូវធ្វើការងារហ្នឹងឲ្យបាន»

ទោះបីប្រធាន IOC ត្រូវមានអំរែកក្នុងការធ្វើការងារ ក៏ដូចជាត្រូវដោះស្រាយសមីការជាច្រើនយ៉ាងណា តែក្នុងនាមប្រទេសសមាជិក លោក វ៉ាត់ ចំរើន សង្ឃឹមថា ចលនាអូឡាំពិក នៅតែជាចលនាមួយ ដែលស្អាតស្អំ ជាចលនាមួយដែលប្រជាជាតិទាំងអស់លើពិភពលោកត្រូវការ ក្នុងការរួមគ្នាចង់បាននូវសុខដុមរមនារបស់មនុស្សជាតិលើពិភពលោក ព្រោះចលនាអូឡាំពិក ឬកីឡាអូឡាំពិក មិនមែនផ្ដោតលើរឿងប្រកួតប្រជែង ឬរឿងសុខភាពប្រជាពលរដ្ឋ ឬសុខភាពមនុស្សនោះទេ តែក៏ផ្ដោតសំខាន់លើរឿងបរិយាកាសសង្គម ជួយដល់សុខដុមរមនាសង្គម ការអភិវឌ្ឍសង្គម និងរឿងជាច្រើនទៀត។

លោកបន្ថែមថា «យើងសង្ឃឹម និងជឿជាក់ថា បេក្ខជន ៧រូបនេះ នឹងក្លាយទៅជាអ្នកដឹកនាំកំពូលរបស់ចលនាអូឡាំពិក ៨ឆ្នាំទៅមុខទៀត ហើយសង្ឃឹមថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជំរុញនូវកិច្ចសហការជាមួយប្រធាន IOC ថ្មីឲ្យបានកាន់តែល្អប្រសើរ ហើយយើងក៏អាចមានដំណើរទស្សនកិច្ចទៅអបអរសាទរ និងជួបប្រធានថ្មី បន្ទាប់ពីការជាប់ឆ្នោត នៅក្នុងឆ្នាំនេះផងដែរ»