(មីឡាន)៖ ខ្សែការពារ Stefender de Vrij ជាអ្នករកបានគ្រាប់តាមស្មើ ១-១ នៅនាទី៩០+៣ ពីជំនួប Derby ទល់នឹង AC Milan នាយប់មិញ ដើម្បីរួមចំណែកជួយ Inter Milan លេងមិនចាញ់ក្នុងចំណោម ១៧ប្រកួតនៅ Serie A រដូវកាលនេះ។
ការឆក់យក ១ពិន្ទុនេះដែរ បានញាំងឱ្យ Inter បន្តឈរលេខរៀងទី២ ដោយមាន ៥១ពិន្ទុជាបណ្តោះអាសន្នដដែល តាមពីក្រោយក្រុមកំពូលតារាង ពពកស Napoli ត្រឹម ៣ពិន្ទុ ដ្បិតពួកគេនៅសល់ ១ប្រកួតក្នុងដៃផងដែរ គ្រាដែលគូប្រជែងដឹកនាំដោយគ្រូបង្វឹកថ្មី គឺលោក Sergio Conceicao ធ្លាក់ទៅឈរលេខ៨ និងមាន ៣៥ពិន្ទុ ក្រោយលេងបាន ២២សប្តាហ៍។
ក្រុមការពារតំណែងជើងឯក Inter Milan ទើបតែចាញ់ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២២ប្រកួតនៃជើងទី២ នាមជាក្រុមចាញ់តិចជាងគេផងដែរ ក្រៅពីស្មើ ៦ដង និងឈ្នះ ១៥ដងឯណោះ។
ក្នុងប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Estadio Giuseppe Meazza កីឡាករ Tijjani Reijnders ជាអ្នករកបានគ្រាប់បើកឆាក នៅមុនពេលបញ្ចប់វគ្គទី១ គ្រាដែលអ្នកចាំទី Yann Sommer ព្យាយាមសង្គ្រោះសល់ចេញពីការស៊ុតរបស់ Rafael Leao។ សមាជិកថ្មី Kyle Walker អតីតប្រធានក្រុម Manchester City ក៏ត្រូវបាន AC ដាក់ចូលលេង ដោយមានលោក Thomas Tuchel គ្រូបង្វឹកថ្មីអង់គ្លេសក៏បានចូលទស្សនាដោយផ្ទាល់ផងដែរ៕