(បរទេស)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា លោកស្រី Nirmala Sitharaman បានប្រកាសនៅក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំកាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌា សម្រេចដកពន្ធលើការនាំចូលលើសមាសធាតុសំខាន់ៗមួយចំនួនសម្រាប់ផលិតទូរស័ព្ទចល័ត ក្នុងគោលបំណងជម្រុញផលិតកម្មក្នុងស្រុក និងក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដូចជា Apple និង Xiaomi។ ប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការគំរាមកំហែងពន្ធពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint បានបង្ហាញថា ផលិតកម្មអេឡិចត្រូនិចរបស់ប្រទេសឥណ្ឌា បានកើនឡើងទ្វេដងក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ ឈានដល់ ១១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដោយប្រទេសនេះបច្ចុប្បន្នបានក្លាយជាក្រុមហ៊ុនផលិតទូរសព្ទធំទីពីររបស់ពិភពលោក។ ក្នុងនោះក្រុមហ៊ុន Apple បាននាំមុខទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌាជាមួយនឹងចំណែក ២៣% នៅក្នុងប្រាក់ចំណូលសរុបក្នុងអំឡុងឆ្នាំ២០២៤ បន្ទាប់មក Samsung មានចំណែកទីផ្សារ ២២%។
យ៉ាងណាមិញ ជុំវិញការកាត់បន្ថយពន្ធនេះត្រូវបានគេមើលឃើញថានឹងជួយឱ្យប្រទេសឥណ្ឌាទប់ទល់នឹងការរំខានដ៏មានសក្តានុពលនៃពាណិជ្ជកម្មពិភពលោក ដោយសារតែការគម្រាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ។ ខណៈដែលលោក Trump សង្ឃឹមថាគោលនយោបាយ «Americ First» របស់លោកនឹងទាក់ទាញអង្គភាពផលិតកម្មជាច្រើនឱ្យត្រលប់ទៅសហរដ្ឋអាមេរិកវិញ។
គួរជម្រាបថា ការដកពន្ធលើការនាំចូលនេះរួមមានសមាសធាតុសម្រាប់ដំឡើងទូរស័ព្ទចល័តដូចជា ការផ្គុំបន្ទះសៀគ្វី ផ្នែកនៃម៉ូឌុលកាមេរ៉ា និងខ្សែ USB ដែលតម្រូវឱ្យបង់ពន្ធប្រមាណ ២.៥%។ ទន្ទឹមនឹងនេះ លោកស្រី Sitharaman ធ្លាប់បានប្រកាសនៅក្នុងកញ្ចប់ថវិកាប្រចាំកាលពីឆ្នាំ២០២៤ ថានឹងមានការត្រួតពិនិត្យឡើងវិញនៃរចនាសម្ព័ន្ធអត្រាពន្ធគយរបស់ប្រទេសនេះ ដើម្បីធ្វើឱ្យមានហេតុផល និងសម្រួលពន្ធសម្រាប់ភាពងាយស្រួលនៃពាណិជ្ជកម្ម៕