(ភ្នំពេញ)៖ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានប្រកាសនឹងធ្វើការប្រកួតមិត្តភាពបន្ដទៀត ជាមួយក្រុមបាល់ទាត់គុនខ្មែរ នាថ្ងៃទី១៨ ខែកុម្ភៈខាងមុខ ដើម្បីកៀគរការស្ម័គ្រចិត្តបរិច្ចាគឈាមជួយដល់សង្គម ពិសេសជនរងគ្រោះ ដែលកំពុងត្រូវការឈាមជារៀងរាល់ថ្ងៃ។
លោក គុជ ឆៃយ៉ា អ្នកចាត់ការក្រុមបាល់ទាត់មិនអាជីពខាងលើ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខនេះ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នឹងបន្ដសកម្មភាពការប្រកួតមិត្តភាព ដើម្បីសុខភាព និងរឹតចំណងមិត្តភាព សាមគ្គីភាព ជាមួយក្រុមពាក់ព័ន្ធ ពិសេសក្នុងគ្រួសារកីឡាជាតិ ដើម្បីជាចលនាបំផុសស្មារតីក្នុងការចូលរួមបរិច្ចាគឈាមជួយជីវិតមនុស្ស។
តាមរយៈនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកស្នេហាវិស័យកីឡាគ្រប់រូប ចូលរួមបរិច្ចាគឈាម ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ១០០០សាក់ដើម្បីជួយសង្គ្រោះជីវិត នាថ្ងៃទី១៨ ខែកុម្ភៈខាងមុខឲ្យបានច្រើនកុះករ នៅមជ្ឈមណ្ឌលកីឡាកយោធពលខេមរភូមិន្ទ (កីឡដ្ឋានស្ដាតចាស់) ដើម្បីរួមចំណែកជួយដល់សង្គមជាតិ ស្របពេលតម្រូវការឈាមមានការកើនលើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
គួរដឹងថា កាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានចូលរួមបរិច្ចាគឈាមមុនរួចមកហើយ គ្រាដែលនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ថ្មីៗនេះ ក្រុមបាល់ទាត់គុនខ្មែរ ដឹកនាំដោយលោក ខូវ ឆាយ ក៏បានចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជាការួមចំណែកជួយដល់កិច្ចការងារសង្គម ក៏ដូចជាកិច្ចការមនុស្សធម៌ជួយដល់សង្គមជាតិផងដែរ៕