(ភ្នំពេញ)៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គម មានមោទនភាពប្រកាសការទទួលបានពានរង្វាន់ CSR Excellence Awards 2024 ផ្នែកអប់រំ ពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham)។ សមិទ្ធផលនេះ បានទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ ABA ក្នុងការជួយដល់សិស្សានុសិស្សដែលមានភាពខ្វះខាត ទទួលបានការអប់រំតាមរយៈគម្រោង កែលម្អសាលារៀនថ្មីវិញ។

ពិធីប្រគល់ពានរង្វាន់ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្តល់កិត្តិយសដល់សាជីវកម្ម ដែលបានបង្ហាញគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម ពិសេសៗជាច្រើនក្នុងឆ្នាំកន្លងមក។

ការរួមចំណែកប្រកបដោយនវានុវត្ត និងការគាំទ្រដល់វិស័យអប់រំរបស់ធនាគារ ABA ទទួលបានភាពលេចធ្លោក្នុងចំណោមបេក្ខភាពជាច្រើន ដោយបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ខ្លួន ក្នុងការជំរុញវិស័យអប់រំ។

គម្រោងកែលម្អសាលារៀនរបស់ធនាគារ ABA មានចក្ខុវិស័យសម្រាប់អនាគតនៃការរៀនសូត្រ ការទទួលបានការអប់រំប្រកបដោយគុណភាព ជាមូលដ្ឋានគ្រឹះមួយចំណោមមូលដ្ឋានគ្រឺះជាច្រើន នៃបេសកកម្មទំនួលខុសត្រូវសង្គមរបស់ ABA។ ក្នុងឆ្នាំ២០២៣ ធនាគារ ABA បានចាប់ផ្តើមគម្រោងកែលម្អសាលារៀន នៅក្នុងខេត្តចំនួនប្រាំក្នុងប្រទេសដូចជាខេត្តស្វាយរៀង, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពត និងខេត្តកំពង់ស្ពឺ។

គម្រោងនេះគ្របដណ្តប់សកម្មភាពជាច្រើន ចាប់ពីការជួសជុលផ្នែកខាងក្រៅ និងខាងក្នុងនៃថ្នាក់រៀន និងការផ្តល់សម្ភារៈសិក្សា រហូតទៅដល់ការបន្ថែមគ្រឿងបរិក្ខារដូចជា បណ្ណាល័យ ទីលានបាល់ទាត់ ថ្នាក់កុំព្យូទ័រ និងការសាងសង់អគារថ្មីទាំងមូល។ បេសកកម្មនីមួយៗបានបំពេញតម្រូវការយ៉ាងជាក់លាក់របស់សាលារៀននីមួយៗ និងមានគោលបំណងលើកកម្ពស់បរិយាកាសសិក្សាជារួម។

បេសកកម្មបីដំបូងបានធ្វើឡើងនៅក្នុងសាលារៀនរួមមាន វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង, វិទ្យាល័យសុខ អាន ថ្នល់បំបែក ខេត្តតាកែវ ដែលសាលារៀនទាំងពីរបានជួសជុលរួចក្នុងឆ្នាំ២០២៣ និងសាលារៀនមូស្លីមពីរខ្នង ក្នុងខេត្តកំពង់ឆ្នាំង សម្រេចក្នុងឆ្នាំ២០២៤។

រហូតមកដល់ពេលនេះ គម្រោងនេះជារួម បានជួយដល់បង្កើនបរិយាកាសសិក្សារបស់សិស្សានុសិស្សសរុបចំនួន១,៤០០នាក់ ឲ្យកាន់តែប្រសើរឡើងក្នុងខេត្តទាំងបីនេះ។ ជាមួយនឹងការកើនឡើងនៃការចុះឈ្មោះចូលរៀន និងដំណើរការសិក្សារបស់សិស្សានុសិស្ស បានបង្ហាញយ៉ាងជាក់ស្តែងថាការផ្តួចផ្តើមនេះកំពុងតែបង្កើនទិដ្ឋភាពអប់រំ និងសហគមន៍ទាំងមូលប្រកបដោយភាពវិជ្ជមានយ៉ាងយូរអង្វែង។

ជាមួយការគាំទ្រពីបុគ្គលិក និងសហគមន៍មូលដ្ឋាន ការទំនាក់ទំនងច្បាស់លាស់ និងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព ធនាគារ ABA ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាគម្រោង កែលម្អសាលារៀននេះប្រកបដោយចីរភាព។

ធនាគារក៏នឹងបន្តផ្ដល់នូវការផ្តួចផ្តើមផ្នែកអប់រំជូនដល់សហគមន៍ខ្វះខាត និងពង្រឹងការខិតខំប្រឹងប្រែងរបស់ខ្លួនស្របទៅនឹងទំនួលខុសត្រូវសាជីវកម្មសង្គម និងអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជា៕