(បរទេស)៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានដាក់ដំណើរការបញ្ញាសិប្បនិម្មិត Apple Intelligence ជាលើកដំបូងរបស់ខ្លួននៅក្នុង iPhone 16 កាលពីខែតុលាឆ្នាំមុន ប៉ុន្តែអនុញ្ញាតឱ្យគាំទ្រតិចភាសាប៉ុណ្ណោះ ជាពិសេសភាសាអង់គ្លេស។ យ៉ាងណាមិញ តាមរយៈការប្រកាសរបស់មេធំ Apple នាពេលថ្មីៗនេះ នឹងអនុញ្ញាតឱ្យគាំទ្រក្នុងចំនួនច្រើនភាសា ច្រើនប្រទេសក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook បានប្រកាសក្នុងអំឡុងពេលហៅរកប្រាក់ចំណូលសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ថា «នៅក្នុងខែមេសាខាងមុខនេះ ក្រុមហ៊ុន Apple នឹងនាំយកភាសាជាច្រើនទៀត រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ អេស្បាញ ជប៉ុន កូរ៉េ ចិន ក៏ដូចជាភាសាអង់គ្លេសដែលបានធ្វើមូលដ្ឋានីយកម្មនៅប្រទេសសិង្ហបុរី និងឥណ្ឌា (ភាសាអង់គ្លេសនិយាយបែបសិង្ហបុរី និងឥណ្ឌា)»។ ខណៈពេលនោះ ត្រូវបានគេកត់សម្គាល់ថា លោក Cook បានលើកឡើងមាន ៨ភាសា ហើយក្នុងនោះក៏មានរួមបញ្ចូលវៀតណាមផងដែរ។
គួរជម្រាបថា ភាសាទាំងនេះ នឹងត្រូវបានផ្តល់ជូនក្នុងខែមេសាតាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធី។ Apple Intelligence បច្ចុប្បន្នមាននៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា អៀរឡង់ នូវែលសេឡង់ និងអាហ្វ្រិកខាងត្បូង ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 18.2, iPadOS 18.2 និង macOS Sequoia 15.2។ ដោយឡែកសម្រាប់ប្រើប្រាស់ iPhone ក្នុងប្រទេសកម្ពុជាយើង Apple នៅមិនទាន់អនុញ្ញាតឱ្យគាំទ្រភាសានោះទេ៕