(ភ្នំពេញ)៖ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការគ្រប់គ្រងក្លិបបាល់ទាត់ វិសាខា បានបញ្ជាក់មូលហេតុ នៃការចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិឡាតវី លោក Jurģis Kalns គឺជាការស្នើសុំ និងសម្រេចចិត្តផ្ទាល់របស់លោក មិនមែនជាការបញ្ឈប់ដោយក្លិបឡើយ។ លើសពីនេះ កញ្ញាក៏បានបង្ហើបពីអនាគតគ្រូបង្វឹកថ្មី ដែលក្លិបនឹងជ្រើសរើសមកដឹកនាំផងដែរ។

នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីផ្ទុះការវែកញែកលើបណ្ដាញសង្គម ក្រោយក្លិបប្រកាសអំពីការចែកផ្លូវជាមួយគ្រូបង្វឹកមកពីតំបន់អឺរ៉ុបខាងលើនាចុងខែមករាកន្លងទៅ ហើយបានបន្សល់នូវចម្ងល់ជាច្រើន ដ្បិតលោក បានដឹកនាំ និងរៀបចំនូវប្រព័ន្ធលេងថ្មីមួយដ៏ទាក់ទាញសម្រាប់វិសាខា និងទទួលបានលទ្ធផលមួយល្អប្រសើរផងដែរ។

នាយិការគ្រប់គ្រងក្លិបខាងលើបន្ដថា ការសម្រេចចែកផ្លូវជាមួយលោក Jurģis Kalns គឺមានមូលហេតុចម្បងមួយចំនួនដូចជា៖

១. កម្រិតនៃការប្រកួតប្រជែងនៅក្នុងលីគកម្ពុជា មានភាពខុសប្លែកគ្នាឆ្ងាយពីកម្រិតនៃលីគ ដែលគ្រូបង្វឹកធ្លាប់បានដឹកនាំ ជាហេតុនាំឲ្យលោក Jurģis Kalns មានភាពលំបាកក្នុងការសម្របខ្លួន។
២. ពាក់ព័ន្ធនឹងបរិយាកាសនៃលីគ ដូចជាការសម្រេចកាត់សេចក្តី និងការរៀបចំទូទៅមួយចំនួន ក៏ជាកត្តារួមផ្សំជាហេតុនាំឲ្យលោក Jurģis Kalns ពិបាកក្នុងការសម្របខ្លួន និងទទួលយក។
៣. កត្តាផ្ទាល់ខ្លួន បានរួមចំណែកក្នុងការសម្រេចលាលែងពីតំណែងរបស់លោក Jurģis Kalns ដោយសារការរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ បូករួមនឹងការសម្លឹងឃើញឱកាសការងារថ្មីនាពេលខាងមុខរបស់លោកផងដែរ។

ជុំវិញបញ្ហានេះ ក្លិបបានពិភាក្សាសម្របសម្រួលជាមួយលោក Jurģis Kalns ជាច្រើនដង ប៉ុន្តែពុំទទួលបានជោគជ័យ ដូច្នេះក្លិបនៅតែគោរពការសម្រេចចិត្តរបស់លោក និងជូនពរលោកជោគជ័យសម្រាប់អាជីពនៅពេលខាងមុខ ហើយថ្នាក់ដឹកនាំក្លិប និងក្រុមការងារគ្រូជំនួយ នឹងបន្ដពួតដៃធ្វើការជាមួយកីឡាករ ដើម្បីត្រៀមការប្រកួតបន្ដក្នុងរដូវកាលនេះ។

យ៉ាងណាមិញកញ្ញា អ៊ូ បញ្ញាសុកិត្យា ទទួលស្គាល់ក្រោមការដឹកនាំរបស់លោក Jurģis Kalns ក្រុមពិតជាមានភាពល្អប្រសើរ និងទទួលបានលទ្ធផលច្រើន ដូចដែលអ្នកគាំទ្របានឃើញ។ កញ្ញាថា «ការចាកចេញនេះច្បាស់ណាស់ មានផលប៉ះពាល់ដល់ក្លិប វាជាពេលវេលាដ៏លំបាកមួយសម្រាប់ក្លិបនៅពេលភ្លាមៗ យើងពុំមានគ្រូបង្គោល ដែលជាអ្នកដឹកនាំការងារបច្ចេកទេសទាំងមូល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកយើងមានក្រុមជំនួយការគ្រូបង្វឹក ដែលមានបទពិសោធន៍ និងយល់ច្បាស់ពីមូលដ្ឋានរបស់យើងជាក្រុមការងារស្នូលសំខាន់ក្នុងការរៀបចំក្រុមបន្តសម្រាប់ត្រៀមការប្រកួតនៅពេលខាងមុខ។ លើសពីនេះ អាចនិយាយបានថា ពួកយើងធ្លាប់ជួបស្ថានភាពដ៏លំបាកបែបនេះពីមុនមក ដូច្នេះពួកយើងអាចសម្របខ្លួនបានលឿន និងអាចគ្រប់គ្រងស្ថានការណ៍ ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ដល់ក្រុមរបស់យើង»

ពាក់ព័ន្ធនឹងការជ្រើសរើសគ្រូបង្វឹកថ្មី កញ្ញាបានបង្ហើបថា «ក្លិបនឹងប្រកាសសមាសភាពគ្រូបង្វឹកថ្មី នៅពេលពួកយើងអាចស្វែងរកបេក្ខភាពថ្មី ដែលស័ក្តិសមនឹងតំណែងនេះ។ ពួកយើងមិនអាចកំណត់បាននេះអាចក្នុងរដូវកាលនេះ ឬរដូវកាលក្រោយឡើយ។ អ្វីដែលសំខាន់សម្រាប់សមាសភាពគ្រូបង្វឹកថ្មី ក្លិបផ្តោតសំខាន់ទៅលើអត្តចរិតរបស់គ្រូ ហើយគ្រូបង្វឹកថ្មី អាចជាគ្រូដែលមានសញ្ជាតិអាស៊ី (តាមសំណូមពររបស់អ្នកគាំទ្រ) ដែលស្គាល់ច្បាស់ពីស្ថានភាព និងបរិយាកាសនៃបាល់ទាត់ទ្វីបអាស៊ី ដែលនេះក៏ជាអំណោយផលមួយក្នុងការសម្របខ្លួនរបស់គ្រូជាមួយវប្បធម៌ប្រទេសកម្ពុជាផងដែរ»

គួរដឹងថា ក្រោយការចាកចេញរបស់លោក Kalns វិសាខា បានប្រកាសតែងតាំងគ្រូជំនួយ លោក Tunji Ayoyinka Akeeb ជាគ្រូបង្វឹកបណ្ដោះអាសន្ន ដើម្បីដឹកនាំក្រុមប្រកួតប្រជែងក្នុងលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ជាដើម៕