(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលមានលោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសិល្បករ-សិល្បការិនីក្រៅប្រព័ន្ធប្រមាណជា១០០នាក់ កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងចែករំលែកនូវស្ថានភាពនានាពាក់ព័ន្ធទៅនឹងការងារសិល្បៈនាពេលកន្លងមក។ នៅក្នុងឱកាសនោះក៏មានការអញ្ជើញផ្ដល់កិត្តិយសចូលរួមពីសំណាក់លោកបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
ជាវេទិការមួយថ្លែងអំណរគុណចំពោះសិល្បករ-សិល្បការិនីក្រៅប្រព័ន្ធ ដែលតែងតែចូលរួមយ៉ាងសកម្មជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការលើកស្ទួយសិល្បៈទស្សនីយភាពតាមរយៈការរៀបចំនូវព្រឹត្តិការណ៍ធំៗនាពេលកន្លងមក។ នេះក៏ជាជំនួបមួយប្រមូលធាតុចូលសំខាន់ៗទាក់ទងនឹងគោលបំណងរបស់សិល្បករ-សិល្បការិនី ដែលចង់ចូលរួមតាមរយៈមតិយោបល់របស់ពួកគេ និងប្រគល់នូវលិខិតសរសើរលើកទឹកចិត្តដល់សិល្បករ-សិល្បការិនីក្រៅប្រព័ន្ធទាំងអស់ផងដែរ។
ជាកិច្ចចាប់ផ្ដើម សិល្បករចាស់ក្មេងជាច្រើនរូប ត្រូវបានផ្ដល់ឱកាសឡើងថ្លែងចំណាប់អារម្មណ៍ជុំវិញកិច្ចការងារសិល្បៈក៏ដូចជាបទពិសោធន៍ធ្លាប់បានជួបប្រទះក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ ជាពិសេសការបង្កលក្ខណៈចូលរួមជាមតិយោបល់នានា សំដៅចូលរួមថែរក្សានូវតម្លៃ និងសេចក្ដីថ្លៃថ្នូរបស់សិល្បករ-សិល្បការិនី ក៏ដូចជាមុខមាត់នៃវិស័យសិល្បៈវប្បធម៌ជាតិទាំងមូល កាត់បន្ថយការរិះគន់ពីស្រទាប់មហាជន និងការផ្លាស់ប្ដូរយោបល់អំពីការយ៉ាងណាដើម្បីឱ្យសិល្បៈជាតិយើងកាន់តែមានការរីកចម្រើន ព្រមទាំងលើកឡើងជាសំណូមពរទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នៅចំពោះមុខសិល្បករដែលបានចូលរួមទាំងអស់ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានបង្ហាញនូវក្ដីរីករាយដែលបានជួបជាមួយបងប្អូនសិល្បករដោយផ្ទាល់។ លោកពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះបងប្អូនសិល្បករ ដែលតែងតែលះបង់កម្លាំងកាយចិត្ត រួមទាំងធនធានផ្ទាល់ខ្លួន ចូលរួមជាមួយក្រសួងវប្បធម៌លើកិច្ចការវប្បធម៌នាពេលកន្លងមក ដោយពុំដែលគិតអំពីការតបស្នងអ្វីទាំងអស់ ដើម្បីសម្រេចគោលដៅរួម គឺការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ។
លោកបន្តថា ការជួបជុំកន្លងមក ភាគច្រើនផ្ដោតតែទៅលើការងារប៉ុណ្ណោះ។ ប៉ុន្តែនៅថ្ងៃនេះយើងបានជួបគ្នាស្វែងយល់អំពីសុខទុក្ខ ចែករំលែកបទពិសោធន៍ និងស្វែងរកមធ្យោបាយ ដើម្បីបន្តអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិបន្ថែមទៀត។ តាមរយៈការលើកឡើងរបស់បងប្អូនសិល្បករទាំងអស់ នឹងក្លាយជាធាតុចូលសំខាន់សម្រាប់រាយការណ៍ជូនដល់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី។
លោករដ្ឋលេខាធិការ បានអំពាវដល់បងប្អូនសិល្បករ-សិល្បការិនីទាំងអស់ ជាពិសេសសិល្បករជំនាន់ក្រោយ ខិតខំចូលរួមថែរក្សារម្លៃរបស់ខ្លួនឯងក្នុងនាមជាសិល្បករមួយរូប តាមរយៈការស្លៀកពាក់ និងការនិយាយស្ដីជាសាធារណៈឱ្យបានសមរម្យជាដើម ព្រោះយើងជាគំរូសម្រាប់អ្នកគាំទ្រផង ហើយក៏ដើម្បីគេចចេញពីការរិះគន់ ឬជេរប្រមាថដោយពាក្យសម្ដីមិនគួរគប្បីមកលើបងប្អូនសិល្បករ-សិល្បការិនីយើងផង។
ជាមួយគ្នានោះ លោកបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈបានឯកភាពរាល់បញ្ហារបស់បងប្អូនសិល្បករដែលបានលើកឡើង។ ជាមួយគ្នានោះលោកសូមកោតសរសើរសារជាថ្មីចំពោះបងប្អូនសិល្បករទាំងអស់ដែលតែងតែចូលរួមជាមួយនឹងក្រសួងវប្បធម៌លើកិច្ចការវប្បធម៌ជាច្រើននាពេលកន្លងមក ជាពិសេសនៅក្នុងអន្តរកាលដែលលោកកាន់តួនាទីជារដ្ឋលេខាធិការក្រសួងវប្បធម៌ មុនពេលក្លាយជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
លោកកត់សម្គាល់ឃើញថា ចាប់តាំងពីឆ្នាំ២០១៩មក មានបងប្អូនសិល្បករក្រៅប្រព័ន្ធជាច្រើន បានចូលរួមជាមួយនឹងក្រសួងវប្បធម៌ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍វប្បធម៌ធំៗទាំងកម្រិតជាតិ និងអន្តរជាតិដូចជាកម្មវិធីរាត្រីចងចាំ និងស្នាមញញឹមនៃកម្ពុជា ជាដើម។ សារជាថ្មីម្ដងទៀត លោកសូមថ្លែងអំណរគុណដល់សិល្បកររៀមច្បង និងសិល្បករជំនាន់ក្រោយទាំងអស់ ដែលតែងតែចូលរួមជួយដល់វិស័យសិល្បៈវប្បធម៌ជាតិ។
បន្ទាប់ពីពិធីសំណេះសំណាលប្រកបដោយភាពកក់ក្ដៅហើយនោះ ក៏មានការប្រគល់ប័ណ្ណថ្លៃងអំណរគុណជូនដល់សិល្បករ-សិល្បការិនី និងក្រុមការងារដែលបានចូលរួមជាមួយនឹងក្រសួងវប្បធម៌នាពេលកន្លងមក ព្រមទាំងពិសារអាហារសាមគ្គីប្រកបដោយភាពសប្បាយរីករាយ។ ចំពោះសិល្បកររៀមច្បងដែលមានវ័យចាប់ ៦០ឆ្នាំឡើង ក៏ទទួលបានថវិកាឧបត្ថម្ភក្នុងម្នាក់ៗ២០ម៉ឺនរៀលផងដែរ៕