(ប៊ែលហ្វាស់)៖ John Cooney កីឡាករប្រដាល់សកល បានកំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅឡើយ បន្ទាប់ពីសន្លប់ក្នុងទឹកទី៩ ដោយសាររងរបួសក្បាល ក្រោមកណ្តាប់ដៃរបស់កីឡាករវ៉េល Nathan Howells កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃនេះថា ការប្រកួតត្រូវបានបញ្ឈប់ជាផ្លូវការតែម្តង ត្រឹមទឹកទី៩ នៅឯសង្វៀន Ulster Hall នៅពេលកីឡាករវ័យ ២៨ឆ្នាំរូបនេះដណ្តើមបានកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ មក។

Cooney ត្រូវបានក្រុមគ្រូពេទ្យចូលជួយសង្រ្គោះភ្លាមៗនៅលើសង្វៀន មុនពេលត្រូវបានសែងចេញ ដើម្បីដឹកទៅកាន់មន្ទីរពេទ្យ Royal Victoria ស្ថិតក្នុងទីក្រុង Belfast ប្រទេសអៀរឡង់ខាងជើង ក្នុងការព្យាបាលបន្ថែមទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Mark Dunlop ដែលជាអ្នកផ្គូផ្គងរបស់ Cooney បានឱ្យដឹងថា «កីឡាកររបស់លោកបានរងរបួសក្បាលជាទម្ងន់ និងទាមទារការវះកាត់ជាបន្ទាន់ផងដែរ។ បច្ចុប្បន្នរូបគេកំពុងស្នាក់នៅក្នុងបន្ទប់ ICU ដើម្បីតាមដានបន្តពីសំណាក់វេជ្ជបណ្ឌិត»

នេះជាការរងរបួសជាថ្មីទៀត បន្ទាប់ពី Cooney សញ្ជាតិអៀរឡង់ បានអាក់ខានឡើងសង្វៀន ១ឆ្នាំ ដោយសាររបួសដៃ មុនពេលត្រឡប់មកវិញបានផ្តួល Tampela Maharusi របស់តង់ហ្សានី កាលពីខែតុលា ឆ្នាំ២០២៤ នៅទីក្រុង London ប្រទេសអង់គ្លេស៕