(ម៉ូនិច)៖ អ្នកចាំទីឆ្នើមរបស់ក្លិប Bayern Munich កីឡាករប្រធានក្រុម Manuel Neuer បានសម្រេចបន្តកិច្ចសន្យារួមរស់លេងជាមួយក្លិបនេះ រហូតឈានចូលដល់វ័យ ៤០ឆ្នាំ ក្នុងកិច្ចព្រមព្រៀងផុតកំណត់នៅខែមីថុនា ឆ្នាំ២០២៦ ។
បុរសដែលកើតនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ១៩៨៦ សញ្ជាតិអាល្លឺម៉ង់ Manuel Neuer នឹងឈានចូលដល់វ័យ ៣៩ឆ្នាំ នៅខែក្រោយនេះ បានចាប់ផ្តើមចូលរួមជាមួយក្លិបខ្លារនិន Bayern Munich កាលឆ្នាំ២០១១ ពីក្លិបរួមលីគ Schalke ដែលគិតមកដល់ពេលនេះលេងបាន ៥៤៧ប្រកួត នឹងចាប់បិទសំណាញ់ទីបាន (Clean-Sheets) បានចំនួន ២៥៩លើក ។
ដ្បិតរូបគេបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិកាលពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ចូលចាប់បាន ១២៤ប្រកួត និងរួមចំណែកជួយក្រុមឈ្នះ World Cup 2014 ។ ខណៈដែលកិច្ចសន្យាពីមុនរបស់ Neuer ជាមួយក្លិប Bayern នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ ។
សូមជម្រាបផងថា មុនការបន្តកិច្ចសន្យាថ្មីា សម្រាប់រដូវកាលនេះ Neuer បានចូលលេងចំនួន ២៦ប្រកួតហើយ នៅគ្រប់កម្មវិធីរបស់ក្លិប ជាសមាជិកអ្នកចាំទីម្នាក់បានឈ្នះពានលីគ Bundesliga បានចំនួន ១១លើកមកហើយ ជាមួយក្លិប Bayern Munich និងពានធំលីគអឺរ៉ុប UEFA Champions League ២លើកផងដែរ ៕